(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដីបានទៅប្រគល់ផ្ទះថ្មី ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិម្រាក (ខ) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកពលបាលឯក ញ៉ែម រស្មី មានអាយុ៤៨ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៩២ នៅអង្គភាពការិយាល័យអភិវឌ្ឍន៍ យោធភូមិភាគទី៤ ខេត្តសៀមរាប ហើយត្រូវបានក្រសួងការពារជាតិដាក់ឱ្យចូលនិវត្តន៍តាមការកំណត់នៅឆ្នាំ២០០៩។ លោកមានភរិយានិងកូននៅក្នុងបន្ទុកចំនួន៥នាក់ ដោយប្រកបមុខរបរជាកម្មករសំណង់ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ដោយគួបផ្សំនិងប្រាក់បៀវត្ស ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រចាំខែ។

ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់មានការលំបាកខ្វះខាតពុំមានលទ្ធភាពសាងសង់ផ្ទះឱ្យបានសមរម្យដោយខ្លួនឯងបាន ទើបគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនគាត់នៅពេលនេះ ដែលជាខ្នងផ្ទះទី២២៧ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន០២កេស ត្រីខចំនួន០១យួរ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយព្រមទាំងថវិកាមួយចំនួនផងដែរ។

លោកពលបាលឯក ញ៉ែម រស្មី អតីតយុទ្ធជនសោធននិវត្ត និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំសូមបានជួបតែ និងពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ៕