(កំពង់ស្ពឺ)៖ មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទជាបណ្ដោះអាសន្ន ដើម្បីឲ្យមន្ដ្រីជំនាញធ្វើការស្រាវជ្រាវបន្ថែម បន្ទាប់ពីរំលូតកូនស្ដ្រីម្នាក់ដែលស្លាប់ក្នុងផ្ទៃ បណ្ដាលឲ្យជនរងគ្រោះវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ នេះបើយោងតាមសេចក្ដីសម្រេចផ្លូវការរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងលិខិតរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «បិទបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដើម្បីសិក្សាឲ្យបានច្បាស់លាស់ពីហេតុការណ៍ ដែលបណ្ដាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន»

លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា បច្ចុប្បន្នស្ដ្រីដែលបានទៅរំលូតកូនស្លាប់ក្នុងផ្ទៃ នៅមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ហើយវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរនោះ កំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកប្រធានមន្ទីរបញ្ជាក់ថា អ្នកជំងឺឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ហុក គ្រី ក៏បានច្រានចោលនូវព័ត៌មានដែលបានចែកចាយថា ស្ដ្រីរងគ្រោះបានស្លាប់ដោយសារការវះកាត់នៅមន្ទីរសម្រាកព្យាបាលខាងលើ គ្រាដែលពេលនេះ ជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕