(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអភិវឌ្ឍរាជធានីភ្នំពេញ ត្រូវធ្វើឡើងទៅតាមប្លង់គោលរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ ជាមួយនឹងការកែប្រែ (Update) ប្លង់គោលនេះមួយចំនួនឡើងវិញ ដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបានលឿន។ ដូចនេះ មន្ទីរជំនាញ អភិបាលខណ្ឌខណ្ឌទាំង១៤ ត្រូវពិនិត្យឱ្យបានជាក់លាក់ លើប្លង់គោល ចៀសឱ្យបានពីការរំលោភទៅលើប្លង់គោល ឆ្នាំ២០៣៥នេះ។

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែ ប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ ប៉ុណ្ណោះមកប្រជុំ ពិភាក្សា និងលើកទិសដៅអនុវត្តបន្ត ដើម្បីឱ្យថ្នាក់ខណ្ឌ បានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ។

ជាមួយគ្នានេះដែរ លោក ឃួង ស្រេង បានណែនាំថាសម្រាប់ភូមិបាលខណ្ឌត្រូវក្តាប់ប្លង់មេឱ្យបានច្បាស់លាស់ មុនផ្តល់ឱ្យគេធ្វើអ្វីមួយ ពោលគឺ ការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ។

លោក ឃួង ស្រេង បានបន្តថា៖ «ខណ្ឌមួយចំនួន យើងរៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥រួចហើយ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលយើងត្រូវសិក្សាពីប្លង់មេឱ្យបានច្បាស់។ ៨ឆ្នាំ ទៅ១០ឆ្នាំ ប្លង់គោលរាជធានីភ្នំពេញ ត្រូវកែប្រែ (Update) ឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដីជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន។ មន្ទីរជំនាញ អភិបាលខណ្ឌខណ្ឌទាំង១៤ ត្រូវពិនិត្យឱ្យបានជាក់លាក់ លើប្លង់គោល ចៀសឱ្យបានពីការរំលោភទៅលើប្លង់គោល ឆ្នាំ២០៣៥នេះ»

គួរបញ្ជាក់ថា ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ជា «បេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំណុចពិសេស នៃប្រសព្វទន្លេបួន ហៅថា ទន្លេបួនមុខ ដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពល ប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយ ប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូលនៃរាជធានីភ្នំពេញ សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខុដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន៕