(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងពីនចូវ ខេត្តសានទុង នៃសាធារណៈរដ្ឋប្រជានិមិត្តចិន នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាបញ្ជាក់ពីគោលបំណងបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ តាមរយៈប្រព័ន្ធ Zoom។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងដោយភាគីខាងខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក តៃ សារាត ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃសាលាខេត្តស្ទឹងត្រែង និងភាគីចិន ដឹកនាំដោយ លោក គុយ ហុងទូ ប្រធានស្ដីទីការិយាល័យបរទេសក្រុងពីនចូវ នៃខេត្តសានទុង សាធារណរដ្ឋប្រជានិមិត្តចិន ព្រមទងមានការចូលរួមដោយ នាយករដ្ឋបាលខេត្ត លោកលោកស្រី ដែលជាប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប។
នាឱកាសនោះដែរ ប្រធានស្ដីទីការិយាល័យបរទេសក្រុងពីនចូវ នៃខេត្តសានទុង បានឱ្យដឹងថា គោលបំណងពិធីនេះ ដោយអនុលោមតាមគោលការណ៍នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីរឹតចំណងមិត្តភាព និងលើកកម្ពស់ការយោគយល់គ្នា រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងរួមគា្នបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពរឹងមាំ រវាងខេត្តស្ទឹងត្រែង និងក្រុងពីនចូវ ខេត្តសានទុង និងបន្ទាប់ពីបានពិគ្រោះយោបល់ជាមិត្តភាពភាគីទាំងពីរ បានព្រមព្រៀងគ្នាបង្កើតទំនាក់នាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។
លោក តៃ សារាត បានចាត់ទុកព្រឹត្តិការណ៍នៅថ្ងៃនេះ គឺបានបង្ហាញពីលទ្ធផល ដែលទទួលបានពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់លើ ការបង្កើតគោលបំណង់ផ្សារភ្ជាប់សម្ព័ន្ធមេត្រីភាព រវាងខេត្តស្ទឹងត្រែង និងក្រុងពីនចូវ ពីសំណាក់ថ្នាក់ដឹកនាំខេត្តក្រុងទាំងពីរ ពិសេសក្រោមការផ្តួចផ្តើម និងជ្រោមជ្រែងពីស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងជីណាន ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន និង ទទួលបានការគាំទ្រ ពីក្រសួង ស្ថាប័ន នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដោយអនុលោមតាមគោលការណ៍ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែរមានស្រាប់។
ក្នុងនោះលោក តៃ សារាត ក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរ អង្គរភាព រដ្ឋ និងឯកជន នៃខេត្តក្រុងទាំងពីរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា ដ៏មានសារៈសំខាន់ នាឱកាសពេលនេះដែរ ហើយនេះក៏ជាកិត្តិយស និងបានបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈក្នុងការចូលរួមជំរុញ លើកទឹកចិត្ត និងគាំទ្រដល់ការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនិងក្រុងរបស់ប្រទេសទាំងពីរ៕