(ភ្នំពេញ)៖ ក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ «គុនល្បុក្កតោ» ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការនៅវេលាម៉ោង ១០កន្លះយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា បន្ទាប់ពីការតស៊ូ និងខិតខំប្រឹងប្រែង រវាងថ្នាក់ដឹកនាំ NOCC ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានព្យាយាមអស់ជាង ១ទសវត្សរ៍កន្លងមក រហូត គុនល្បុក្កតោ របស់កម្ពុជា ត្រូវបានសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការ ។

ក្នុងនាមលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធាន NOCC លោកបានសម្ដែងការអបអរសាទរ និងរំភើបរីករាយក្រៃលែង ចំពោះការដាក់បញ្ចូលក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO នៅពេលនេះ ។

លោកបន្ដថា «ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ការដាក់បញ្ចូលនេះ គឺជាការបន្ថែមនូវគុណតម្លៃដ៏វិសេសវិសាលបន្ថែមទៀត សម្រាប់កម្ពុជា ដែលដាក់កីឡា គុនល្បុក្កតោ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយផងដែរ»

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី Audrey Azoulay អគ្គនាយិកា អង្គការយូណេស្កូ ក៏បានអបអរសាទរកម្ពុជាក្នុងការចុះគុនល្បុក្កតោក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។
ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ៕