(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA នាពេលកន្លងទៅ ដែលរក្សាបាននូវភាពរីកចម្រើនរឹងមាំ ទទួលបានការទុកចិត្តពីវិនិយោគិន និងពីសមាជិករបស់ខ្លួនគួរជាទីមោទនៈ។

លោកវាយតម្លៃលោកឱកាសចូលរួមក្នុងពិធីលៀងសាយភោជនអបអរសាទរមហាសន្និបាតប្រចាំឆ្នាំ២០២២ និងស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិ ២០២៣-២០២៤ របស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរចំពោះលោកឧកញ៉ា សុខ ពិសិដ្ឋ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានថ្មីរបស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា សម្រាប់អាណត្តិ ២០២៣-២០២៤។ លោកឧកញ៉ា សុខ ពិសិដ្ឋ ក៏ជាវិនិយោគិនជាទីទុកចិត្តម្នាក់ ដែលមានកេរិ៍ឈ្មោះល្អ បទពិសោធន៍រកស៊ី និងការទទួលខុសត្រូវ និងក៏ជាដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានលើកឡើងថា ការសម្រេចបាននូវលទ្ធផលនានារហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង និងការចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវរបស់ CAMFEBA ក្នុងនាមជាតំណាងភាគីនិយោជកក្នុងការចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ, សុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, របបសន្តិសុខសង្គម, និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងយន្តការត្រីភាគីនានា ដូចជា គណៈកម្មការប្រឹក្សាការងារ, គណៈកម្មការជាតិសុខភាពនិងសុវត្ថិភាពការងារ, ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម និងគណៈកម្មការជាតិបណ្តុះបណ្តាល។

ទន្ទឹមនឹងនេះ CAMFEBA ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារទី៨) ក្នុងភាពជាដៃគូរវាងរដ្ឋ-ឯកជន ដែលបានផ្តល់កិច្ចសហប្រតិបត្តិយ៉ាងល្អជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដោយបានស្វះស្វែងរកនូវដំណោះស្រាយនានាចំពោះបញ្ហាប្រឈមនានាជូនវិនិយោគិន និងកម្មកនិយោជិតប្រកបដោយផ្លែផ្កានាពេលកន្លងមក។

លោក អ៉ិត សំហេង បានស្នើឱ្យ CAMFEBA និងភាគីពាក់ព័ន្ធបន្តផ្តល់កិច្ចសហការដ៏ល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ជាពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានោះដែរ លោកឧកញ៉ា សុខ ពិសិដ្ឋ បានប្តេជ្ញាចិត្តបន្តដឹងនាំកសាង និងអនុវត្តគោលនយោបាយការងារ ព្រមទាំងលើកស្ទួយភាពជាតំណាងបំផុតរបស់ CAMFEBA ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលជាពិសេស ក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងដៃគូរនានាៗក្នុងការជំរុញលើកកម្ពស់ និងគាំទ្រសុខមាលភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញផលិតភាពការងារ ជំរុញនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕