(កណ្តាល)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារ ឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា, ប្រធានគណៈកម្មាធិការអនុសាខាទាំង១១ក្រុងស្រុក និងក្រុមប្រតិបត្តិសាខា សរុបចំនួន ៣២នាក់ នៅសាលប្រជុំទីស្នាក់ការរបស់សាខា។

លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិ សាខា-អនុសាខា កាកបាទក្រហមកម្ពជា ខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចមនុស្សធម៌ ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនាពេលកន្លងមក។

លោកស្រីអគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ករណីគ្រោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ គឺមិនបានធ្វើឱ្យយើងដឹងមុនទេ ដូច្នេះការត្រៀមថវិកា ស្បៀង និងគ្រឿងឧបភោគ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។

ទន្ទឹមនឹងនោះសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ត្រូវខិតខំស្វែងរកជនរងគ្រោះដែលត្រូវការជំនួយចាំបាច់ពីសាខា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលកំពុងត្រូវការជំនួយក្នុងភូមិសាស្ត្ររបស់ខ្លួន ខ្វះការជួយ ឬយកចិត្តទុកដាក់ពីសាខា ឬអនុសាខាក្រុង-ស្រុកទាំង១១ នៅក្នុងខេត្តកណ្ដាលឡើយ។

លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា សាខាបានអនុវត្តសកម្មភាពការងារវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះរួមមាន៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។

លោកបន្ថែមថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២នេះ សាខា និងអនុសាខា ក្រុង-ស្រុក បានចុះសួរសុខទុក្ខ និងចែកជំនួយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ចំនួន ៣,៨៤៤គ្រួសារ ។សាខាបានជួយឧបត្ថម្ភថវិកាជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ សរុបចំនួន ២៩១ខ្នង ស្មើនឹង ២៩១គ្រួសារ ៕