(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីថ្លែងការណ៍៣ចំណុច ករណីឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ដូចខាងក្រោម៖

ទី១៖ ករណីឃុំខ្លួនអតីតបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ជាថ្មីម្តងទៀតនេះ គឺពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួមនោះទេ។

ទី២៖ ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្រសួងបានខិតខំធ្វើការសម្របសម្រួល ផ្សះផ្សា និងដោះស្រាយតាមនីតិវិធីច្បាប់ ដោយយកចិត្តទុកដាក់ជាទីបំផុត ហើយដំណើរការដោះស្រាយនេះ ដល់ដំណាក់កាលចុងក្រោយនៃនីតិវិធីដោះស្រាយវិវាទការងាររួម ដែលត្រូវបានកំណត់ដោយច្បាប់ ជាធរមាន។

ទោះជាយ៉ាងនេះក៏ដោយ ក្រសួងនៅតែបន្តប្រើប្រាស់នូវយន្តការអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (អ.គ.ក.ប.) ដើម្បីបន្តសម្របសម្រួលវិវាទនេះ ក្រៅប្រព័ន្ធតុលាការស្របតាមឆន្ទៈគូភាគី ដោយគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្របសម្រួលចំនួន ២១លើក ក្នុងនោះ មានអតីតបុគ្គលិកចំនួន ២៤៩នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនដែលធ្វើឱ្យអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ ត្រឹម ១២៤នាក់។

និងទី៣៖ ក្រសួងនឹងបន្តរៀបចំកិច្ចប្រជុំ និងសម្របសម្រួលករណីវិវាទនេះជាបន្តទៀត ហើយក្នុងករណីដែលភាគីវិវាទទាំងពីរនៅតែមិនអាចរកដំណោះស្រាយ និងសម្របសម្រួលគ្នាបាននោះ ក្រសួងសូមលើកទឹកចិត្តឱ្យភាគីទាំងពីរយកករណីវិវាទនេះប្តឹងទៅតុលាការដើម្បីជម្រះសេចក្តី ស្របតាមបទប្បញ្ញតិ្តនៃការដោះស្រាយវិវាទការងាររួមជាធរមាន។

ឆ្លៀតឱកាសនេះ ក្រសួងសូមអំពាវនាវឱ្យភាគីវិវាទមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយ បញ្ចប់វិវាទការងារនេះ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងច្បាប់ដទៃទៀតជាធរមាន៕