(រតនគិរី)៖ រដ្ឋបាលស្រុកអូរជុំ ខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី «ដីលយចូលបឹងវារីអគ្គិសនីអូរជុំ ស្ថិតនៅក្នុងភូមិថារ៉ងជង ឃុំអូរ ស្រុកអូរជុំ ខេត្តរតនគិរី» មិនមែនជាដីមានប្លង់កម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេ គឺជាដីចំណីបឹង។ ការបញ្ជាក់របស់រដ្ឋបាលស្រុកខាងលើនេះ បានធ្វើឡើងបន្ទាប់ពីការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនក្នុងបណ្តាញសង្គម។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកអូរជុំ ខេត្តរតនគិរី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែធ្នូឆ្នាំ២០២២ បានបញ្ជាក់ដូចខាងក្រោម៖

*ទី១៖ ដីជ្រោយលយចូលបឹងវារីអគ្គិសនី ដែលស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី មិនមែនជាដីមានប្លង់កម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេ គឺជាដីចំណីបឹង។

*ទី២៖ ដីលយចូលបឹងនេះជាដីចំណីចាស់ មិនមានការចាក់ដីលុបចូលបឹងនោះទេ ហើយអាជ្ញាធរអគ្គិសនីជាអ្នកមើលការខុសត្រូវ និងមានបោះបង្គោលព្រំជុំវិញមាត់បឹងនោះផងដែរ និងមិនអនុញ្ញាតឱ្យមានការចាក់ដីលុបចូលបឹងបានឡើយ។

*ទី៣៖ ចំពោះកញ្ចុះថ្ម ដែលបានសាងសង់លើដីលយចូលបឹង ម្ចាស់ចំណីដីអាចអាស្រ័យផល និងប្រើប្រាស់បានតែមិនអាចយកជាកម្មសិទ្ធិបាននោះទេ ករណីរដ្ឋ ឬអាជ្ញាធរត្រូវការពេលណា គឺត្រូវប្រគល់ជូនរដ្ឋវិញ៕