(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិទាំងព្រឹក បន្ទាប់ពីក្មេងស្រីម្នាក់បានចុះពីលើគ្រែចៃដន្យជាន់បែកលើព្រីភ្លើងឆក់ស្លាប់គួរឲ្យសង្វេគ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីទាបភ្លឺ ថ្ងៃទី០១ខែ ធ្នួ ឆ្នាំ២០២២ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះសែ ស្រីឌឿន អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ ។

មុនកើតហេតុក្មេងស្រីខាងលើ បានក្រោកពីដំណេកដូចសព្វដង ដើម្បីជួយលក់បបរបាញ់កាញ់ឲ្យគេ។ ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថា ក្មេងស្រីខាងលើឆក់ខ្សែភ្លើងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិនាំគ្នាជួយសង្គ្រោះ តែជាអកុសលយឺតពេលទៅហើយ ខណៈចុះពីលើគ្រែជាន់លើព្រីភ្លើងបណ្ដាលឲ្យបែកឆក់ដេកដួលក្បែគ្រែតែម្ដង។

ក្រោយមកសមត្ថកិច្ចនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានចុះមកពិនិត្យសព ដោយសន្និដ្ឋានថាពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន ទើបសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕