(ភ្នំពេញ)៖ ព្រះសិរីសំវរ សំ ចាន់ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានសង្ឃកុដិលេខ៣៨ វត្តឧណ្ណាលោម បានទទួលព្រះអនិច្ចធម្មនៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៥៖៥៥នាទី ដោយព្រះរោគាពាធ ក្នុងជន្មាយុ ៦២ព្រះវស្សា។

ព្រះសពត្រូវបានថ្នាក់ដឹកនាំគណៈសង្ឃវត្តឧណ្ណាលោម និងក្រុមគ្រួសារ រៀបចំចាត់ចែងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងព្រះវិហារវត្តឧណ្ណាលោមជាន់ផ្ទាល់ដីចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា នេះតទៅ។ ពិធីបូជាព្រះសពនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងបរិវេណវត្តឧណ្ណាលោម។

ដោយឡែកកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២ ដោយវេលាម៉ោង៣ ជួបជុំពុទ្ធបរិស័ទសូត្រមន្ត និងសម្ដែងធម៌ទេសនា។ លុះថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២
ព្រឹកម៉ោង ៧ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ។ វេលាម៉ោង ៩៖៣០ ពិធីរាប់បាត្រ និងវេរភត្តាហាប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

កម្មវិធីនេះប្រារព្ធធ្វើនៅក្នុងព្រះវិហារវត្តឧណ្ណាលោម។ សេចក្ដីនេះទុកជាការជូនដំណឹងដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសសាច់សាលោហិត និងសិស្សគណនៃព្រះសពជ្រាបតាមការគួរ៕