(ស្វាយរៀង)៖ លោក​ ម៉ែន​ វិបុល​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ​និងជាប្រធានគណៈកម្មាធិការរណសិរ្សខេត្ត បានបញ្ជាក់ថា ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»

ការបញ្ជាក់បែបនេះ របស់លោក ម៉ែន​ វិបុល​ បានធ្វើឡើងនាព្រឹកថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ២០២២នេះ​ ក្នុងឱកាសដែលលោក​ និងលោក​ ជុំ​ ហាត​ អនុប្រធានគណកម្មាធីការរណសិរ្សខេត្ត​ អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីញអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤៤​ ថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២​ ធ្នូ​ ១៩៧៨/២​ ធ្នូ​ ២០២២) នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង​ ដែលមានសមាសភាពព្រះសង្ឈ​ សមាជិកសមាជិការ​អញ្ជេីញចូលរួមចំនួន ៨៩៧​អង្គ/នាក់។

លោក ម៉ែន វិបុល បានថ្លែងថា អត្ថន័យដ៏ជ្រាលជ្រៅនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានចាប់ បដិសន្ធិឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោកបានបន្តថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ១៩៧៩។ មហាជ័យជំនះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ៕