(ភ្នំពេញ)៖ លោកស្រី Nadia Lasri ប្រធានគ្រប់គ្រងប្រចាំប្រទេស អង្គការ Gavi បានថ្លែងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល។

ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។

លោកស្រីបានថ្លែងបន្តថា ចាប់តាំងពីឆ្នាំ២០០០ រហូតមកបច្ចុប្បន្ន អង្គការ Gavi បានជួយគាំទ្រថវិកាសម្រាប់ទិញវ៉ាក់សាំង សម្ភារៈបរិក្ខារប្រព័ន្ធត្រជាក់ និងសម្រាប់ប្រតិបត្តិការសរុបជាង ៩០លានដុល្លារអាមេរិក។

លើសពីនេះទៀត អង្គការ Gavi បានផ្តល់ជំនួយបច្ចេកទេស លើការពង្រឹងសមត្ថភាពបុគ្គលិកផ្តល់ថ្នាំបង្ការ ពង្រឹងសម្ថភាពប្រព័ន្ធត្រជាក់ ទូទឹកកក បរិក្ខារ និងការគ្រប់គ្រងវ៉ាក់សាំង លើកកម្ពស់ការអប់រំសុខភាពសហគមន៍ អំពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំង ពង្រឹងសកម្មភាពតាមដានស្រាវជ្រាវជំងឺ១១មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ។

ជាងនេះទៅទៀត លោកស្រី បានស្នើសុំការគាំទ្របន្ថែមទៀតពីអង្គការ Gavi ដើម្បីបន្តឧបត្ថម្ភគាំទ្របន្ថែមទៀតដល់ក្រសួងសុខាភិបាលកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍ កោតសរសើរ និងថ្លែងអំណរគុណលោក ស្រីប្រធានគ្រប់គ្រងប្រចាំប្រទេសអង្គការ Gavi និងសហការី និងអង្គការទាំងមូល ដែលតែងតែផ្តល់នូវការឧត្តម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសលើការងារវ៉ាក់សាំងមូលដ្ឋាន ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធ នឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលបានសម្របសម្រួលឱ្យកម្ពុជា បានទទួលវ៉ាក់សាំងកូវីដ-១៩ មុនគេ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ រួមទាំងប្រព័ន្ធត្រជាក់ផងដែរ។

ជាការឆ្លើយតបលោកស្រីប្រធានអង្គការ Gavi បានសម្តែងនូវការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជាអាចបើកដំណើរការឡើងវិញ ទាំងសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណអង្គការ Gavi និងស្នើសុំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍន៍ធនធានមនុស្ស៕