(កំពង់ចាម)៖ ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រោមវត្តមានលោក ឡៅ ឈីវអ៊ាវ រដ្ឋលេខាធិការក្រសួង, លោកស្រី ម៉ា សូយ៉ិនដា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា លោក អ៊ុន ចាន់ដា បានសម្រេចបង្កើតគណៈកម្មការ ដឹកនាំ គ្រប់គ្រង ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាព ក្នុងកំឡុងពេលដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងខេត្តកំពង់ចាម ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធផលល្អប្រសើរ។

ចំពោះគណៈកម្មការដែលបានរៀបចំនោះ មានតួនាទីភារកិច្ច ពិនិត្យតាមដាន និងវាយតម្លៃលើស្ថានភាព ការរក្សាអនាម័យ និងសុវត្ថិភាពក្នុងពេលមុនដំណើរការ និងពេលដំណើរប្រឡង និងមានអនុគណៈកម្មការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ និងសុខុមាលភាពប្រចាំការ នៅតាមបរិវេណខាងក្រៅមណ្ឌលសំណេរនីមួយៗ ដឹកនាំអនុវត្តវិធានការសុខភាព នៅតាមមណ្ឌលប្រឡងនានា ចាត់តាំងភ្នាក់ងារសុខាភិបាល ដើម្បីសហការជាមួយគណៈមេប្រយោគ នៅតាមមណ្ឌលប្រឡង រៀបចំរថយន្តសង្គ្រោះ និងភ្នាក់ងារសុខាភិបាលប្រចាំការ ដោយមានបំពាក់សម្ភារៈចាំបាច់ សម្រាប់សង្គ្រោះបឋម នៅតាមមណ្ឌលប្រឡងប្រើប្រាស់ រថយន្តបើកផ្លូវក្នុងករណីចាំបាច់នានា កើតឡើងជាយថាហេតុ។

សម្របសម្រួលកម្លាំងចូលរួមដឹកជញ្ជូន និងរក្សាដាក់ហឹបវិញ្ញាសា និងកិច្ចការបេក្ខជន រៀបចំប្រជុំជាមួយគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្ត និងអ្នកពាក់ព័ន្ធអំពីស្ថានភាពមណ្ឌល និងចាត់កម្លាំងទប់ស្កាត់ការថតចម្លង សំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនិងការប្រឡង តាមគ្រប់រូបភាពត្រូវផ្អាកជាបណ្តោះអាសន្ននូវការធ្វើអាជីវកម្មថតចម្លងចម្លើយវិញ្ញាសា ឬសំណៅឯកសារពាក់ព័ន្ធ នឹងការប្រឡង ពិសេស នៅជុំវិញបរិវេណមណ្ឌលប្រឡងជួយជំរុញឱ្យ សម្រួលចរាចរណ៍ដល់បេក្ខជន និងគណៈមេប្រយោគពេលធ្វើដំណើរទៅមណ្ឌលប្រឡង ជួយសម្របសម្រួលសំឡេងរំខានបណ្ដាល មកពីក្នុងកម្មវិធី និងសកម្មភាពផ្សេងៗនៅជុំវិញបរិវេណមណ្ឌលប្រឡងផងដែរ។

លោក ឡៅ ឈីវអ៊ាវ បានយកឱកាសនោះ ថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងសហការី ដែលបានរួមគ្នាសហការធ្វើការ ទទួលបានជោគជ័យ ក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំកន្លងមក។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ប្រការដែលសិស្សបានប្រឡងជាប់និទ្ទេសល្អបានច្រើន គឺមិនមែនមានគុណសម្បត្តិតែចំពោះសិស្សនោះទេ ពោល គឺជាគុណសម្បត្តិរបស់ជាតិយើងទាំងមូល ពីព្រោះឪពុកម្ដាយសិស្សក៏មាន គុណសម្បត្តិ អ្នកគ្រប់គ្រងជាគ្រូបង្រៀនក៏មានគុណសម្បត្តិ ហើយលើសពីនោះ ជាគុណសម្បត្តិគ្រប់ស្ថាប័នទាំងអស់ដែលចេញពីក្រសួងអប់ រំសុទ្ធតែមានគុណភាពផងដែរ។ ដូច្នេះគណៈកម្មការទាំងអស់ ត្រូវបន្តខិតខំ រៀបចំកិច្ចការប្រឡងនេះឲ្យបានកាន់តែប្រសើរថែមទៀត៕