(ភ្នំពេញ)៖ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានលើកឡើងពីប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បី ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍អាស៊ាន។

លោក ឃួង ស្រេង បានលើកឡើងថា ជារៀងរាល់ឆ្នាំ រាជធានី ឬរដ្ឋធានី នៃបណ្ដាប្រទេសដែលជាម្ចាស់ផ្ទះអាស៊ាន តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅកាត់ថា MGMAC)។

លោបន្ដថា កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំរយៈពេល២ឆ្នាំជាប់គ្នា គឺគ្រាន់តែចេញសេចក្តីថ្លែងការណ៍ពីចំងាយ ដោយសារមូលហេតុ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅឆ្នាំ២០២២នេះ កម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន ដោយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នករៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ នាថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២២នេះ។

បើតាមលោក ឃួង ស្រេង បញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ បានរំលឹកដល់មេដឹកនាំទីក្រុង ឲ្យយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការត្រៀមខ្លួនរបស់ទីក្រុង ឲ្យបានប្រសើរជាងមុន សម្រាប់ការលេចចេញជាយថាហេតុណាមួយ និងសម្រាប់ ផែនការស្ដារឡើងវិញ ប្រកបដោយចីរភាព និងមានភាពធន់។ នៅក្នុងបរិបទនេះ ការរីកចម្រើនផ្នែកបច្ចេក វិទ្យានាំមុខដោយឌីជីថលនីយកម្ម នឹងត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមផង និងជាឱកាសផង សម្រាប់ទីក្រុងនីមួយៗ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់នៅក្នុងអង្គប្រជុំនេះថែមទៀតថា ការបង្កើតទីក្រុងភ្នំពេញដំបូង គឺសម្រាប់ដាក់មនុស្សតែ៣០ម៉ឺននាក់ប៉ុណ្ណោះ ហើយកាលពីជាង៤០ឆ្នាំមុន ជាទីក្រុងដ៏កំសត់មួយនេះបានក្លាយជាទីក្រុងខ្មោច មិនមានអ្វីទាំងអស់។ តែក្រោយពីសម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិមួយនេះ ឲ្យរួចផុតពីសង្គ្រាម សម្តេចតេជោបានអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានធ្វើឲ្យរាជធានីភ្នំពេញមានប្រជាពលរដ្ឋមករស់នៅប្រមាណ៣លាននាក់។

លោកថា «នេះជាការបទពិសោធន៍ដ៏ធំមួយដែលកម្ពុជា បានចែករំលែកជូនអង្គប្រជុំ នោះគឺ «សន្តិភាព» សន្តិភាព មានតម្លៃណាស់ មិនអាចកាត់ថ្លៃបានទេ។ មានសន្តិភាព ទើបយើងមានឱកាសក្នុងការអភិវឌ្ឍក្រុង និងប្រទេសឲ្យរីកចម្រើនរុងរឿង។

ក្នុងកិច្ចប្រជុំនេះ អភិបាលរាជធានី និងរដ្ឋធានី ឬតំណាងមកពីរាជធានីនីមួយៗ ដូចជា ប្រទេសព្រុយណេ ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសភីលីពីន សិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម បានផ្តល់នូវមតិយោបល់ បទពិសោធន៍ពីទីក្រុងរបស់ខ្លួនជូនអង្គប្រជុំ ក្នុងការរៀបចំផែនការទីក្រុងសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព, ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ទីក្រុង, ការដឹកជញ្ជូនទីក្រុងប្រកបដោយចីរភាព, ការគ្រប់គ្រងគ្រោះមហន្តរាយ ,ការរៀបចំទីក្រុងបៃតង, ការកាត់បន្ថយហានិភ័យអាកាសធាតុ, បច្ចេកវិទ្យា និងសុវត្ថិភាពសាធារណៈ, បច្ចេកវិទ្យាសម្រាប់ទីក្រុងប្រកបដោយចីរភាព និងមានភាពធន់, ទេសចរណ៍ និងវប្បធម៌ឆ្ពោះទៅសហគមន៍ប្រកបដោយចីរភាព៕