(ភ្នំពេញ)៖ អភិបាលរាជធានី-រដ្ឋធានីអាស៊ាន នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំផ្លាស់ប្ដូរ មតិយោបល់គ្នាហើយនោះ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ដោយផ្ដោតលើបញ្ហាចំនួន៦ចំណុចសំខាន់ៗ។

ខ្លឹមសារទាំង៦ចំណុច ក្នុងសេចក្ដីថ្លែងការណ៍នោះរួមមាន៖

*ទី១៖ ពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការសម្រេចបានសហគមន៍ឆ្លាត មានភាពធន់ និងមានចីរភាពដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គម តាមរយៈការអនុវត្តពេញលេញនៃគម្រោងសាកល្បងបណ្តាញទីក្រុងឆ្លាតអាស៊ាន ដោយផ្តោតលើវិស័យអាទិភាពទាំង៦ ដែលត្រូវបានដាក់ចេញក្នុងក្របខ័ណ្ឌទីក្រុងឆ្លាតអាស៊ាន រួមមាន ពលរដ្ឋ និងសង្គម, សុខភាព និងសុខុមាលភាព, សុវត្ថិភាព និងសន្តិសុខ, បរិស្ថានដែលមានគុណភាពហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់ និងឧស្សាហកម្ម និងនវានុវត្តន៍។

*ទី២៖ លើកកម្ពស់ភាពជាដៃគូរវាងទីក្រុងនិងទីក្រុង ភាពជាដៃគូសាធារណៈ និងឯកជនក្នុងចំណោមទីក្រុងអាស៊ាន អ្នកផ្តល់សេវា ដៃគូមូលនិធិ និងដៃគូអភិវឌ្ឍន៍ និងផ្នែកពាក់ព័ន្ធបន្ថែមទៀត ដោយចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍តាមរយៈការបង្កើតអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ការផ្លាស់ប្តូរដំណើរទស្សនកិច្ច និង/ឬ គម្រោងកិច្ចសហការផ្អែកលើកម្មវិធីណាមួយ ក្នុងការធ្វើផែនការ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃទីក្រុងឆ្លាត ព្រមទាំងការផ្ទេរភាពច្នៃប្រឌិតនៃបច្ចេកវិទ្យា ដែលអនុញ្ញាតដល់ការរស់នៅឆ្លាត របៀបរស់នៅប្រកបដោយចីរភាព និងទីក្រុងដែលមានភាពធន់ រួមជាមួយនឹងកំណើនប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។

*ទី៣៖ លើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋរបស់រាជធានី និងរដ្ឋធានីអាស៊ាននីមួយៗ ដោយបំពាក់ពួកគេនូវជំនាញ និងអក្ខរកម្មបច្ចេកវិទ្យា និងឌីជីថល ជំរុញការចាប់ផ្ដើមអាជីវកម្មបៃតង និងបណ្តុះភាពជាម្ចាស់សហគមន៍ ដើម្បីបម្រើដល់សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំដោយធានាឯកជនភាព និងសន្តិសុខទិន្នន័យ ព្រមទាំងការយល់ដឹងពីគ្នាទៅវិញទៅមក អំពីភាពចម្រុះនៃវប្បធម៌របស់ទីក្រុងនីមួយៗ។

*ទី៤៖ ធ្វើការឆ្ពោះទៅរកការបង្កើតគោលនយោបាយ និងទីក្រុងដែលស័ក្តិសមនឹងមនុស្សចាស់ ជាមួយនឹងបរិស្ថាន និងបច្ចេកវិទ្យាប្រកបដោយបរិយាប័ន្ន សម្រាប់ពលរដ្ឋវ័យចំណាស់ ផ្អែកលើសង្គមវ័យចំណាស់នៅក្នុងរាជធានី និងរដ្ឋធានីអាស៊ានមួយចំនួន តាមរយៈការគាំទ្រដល់តម្រូវការរបស់មនុស្សចាស់ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់កម្រិត ដើម្បីសាងសង់ទីក្រុងដែលមានភាពធន់នឹងសង្គម។

*ទី៥៖ ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសន្តិសុខទីក្រុង ដូចជាសុវត្ថិភាពទឹក អាហារ និងថាមពល ឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារ ផែនការនិងការគ្រប់គ្រងការផ្លាស់ទីលំនៅថ្មីរបស់ពលរដ្ឋ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។

*ទី៦៖ បន្តប្តេជ្ញាលើកកម្ពស់ភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងចំណោមរាជធានី និងរដ្ឋធានីអាស៊ាន ដើម្បីសម្រេចបានទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាពរបស់អាស៊ានសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត តាមរយៈការកសាងមូលដ្ឋានគ្រឹះដែលបានដាក់ចេញ៕