(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយសម្រេចផ្អាកជាបណ្ដោះអាសន្នទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤-០៦ ខែធ្នូ ឆ្នាំ២០២២។

សេចក្តីជូនដំណឹងបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ រយៈពេលចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ដើម្បីចូលរួមចំណែកឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣០មណ្ឌល នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង និងណែនាំដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងដូចខាងក្រោម៖

១៖ ផ្អាកជាបណ្ដោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២

២៖ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២

៣៖ ចំពោះទីតាំងអាជីវកម្មដែលមិនស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេងរំខានដល់ធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន៕