(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញបើកសន្និសីទលើកទី៥ ស្តីពីជំងឺសើស្បែក នៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើកទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក្រោមប្រធានបទ «សុខភាពស្បែក ក្រោយជំងឺកូវីដ-១៩» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

លោកសាស្ដ្រាចារ្យបន្ដថា «តាងនាមឲ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍ចំពោះ​ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដែល​បាន​ចូល​រួម​ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងកោតសរសើចំពោះគណៈ​កម្មការរៀបចំកិច្ចប្រជុំនេះ ស្របពេលដែលក្រសួងសុខាភិបាល បាននឹងកំពុងយកចិត្តទុក​ដាក់​ដល់​សុខភាពទូទៅរបស់ប្រជាពលរដ្ឋ និយាយជារួម និងសុខភាពស្បែក និយាយដោយឡែក»

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា «ដោយ​មា​ន​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបា​ល ​​ក្រោមការដឹក​នាំ​​ដ៏​ឈ្លាសវៃ និងប្រកបដោយ​គតិ​បណ្ឌិ​ត​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​កម្ពុ​ជា យើងបានរួមគ្នា​ប្រយុទ្ធ​​នឹង​ជំងឺ​កូវីដ-១៩ ពិសេសការចាក់វ៉ាក់​ស៊ាំងកូវីដ-១៩ ជូនប្រជាព​ល​រដ្ឋ​ទូ​ទាំ​ង​​ប្រទេ​ស ទទួលបានជោគជ័យដែល​ជា​លទ្ធ​ផ​ល​នាំ​ឲ្យយើងអាចជួបជុំគ្នាក្នុងថ្ងៃ​នេះ»

ទន្ទឹមនឹងនោះលោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា ក្រសួងសុខាភិបាលនៅសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនកំពុងទទួ​ល​រងនូវផលប៉ះពាល់ ពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក និងឱសថព្យាបាលស្បែក ដែលផ្សព្វផ្សាយតាម​បណ្តា​ញសង្គម​​ និងលក់តាមទីផ្សារ ដែលគ្មានការត្រួតពិនិត្យពីអ្នកជំនាញសុខាភិបាល និងមាន​ប្រជា​ព​ល​​រ​ដ្ឋ​​មួយ​ចំនួនទៀត​និយមទទួលសេវាថែទាំព្យាបាលជំងឺស្បែក ដោយពុំបានពិគ្រោះយោបល់​ជាមួយ​គ្រូពេ​ទ្យ​​ជំនាញ។

ដូច្នេះការរៀបចំសន្និសីទលើកទី៥ ស្តីពីជំងឺសើស្បែកនៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើក​​ទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា គឺជាការរួមចំណែកដល់វិស័យសុខាភិបាលកម្ពុជា ដើម្បី​បណ្តុះបណ្តាលបន្តជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យ ក្មួយៗនិស្សិត នូវចំនេះដឹង និង​បទពិសោធន៍ថ្មីៗ ​តា​មរយៈបទបង្ហាញរបស់វាគ្មិនជាតិ-អន្តរជាតិ មកពីបណ្តា​ប្រទេស​ជា​មិ​ត្ត ដូចជាសិង្ហបុរី ឥណ្ឌូនេ​ស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងឡាវ។ 

លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំ២ថ្ងៃនេះ វេជ្ជបណ្ឌិ​ត​​ទាំងអស់ នឹងទទួលបាននូវចំនេះដឹង បទពិសោធន៍ យកទៅអនុវត្តក្នុងការពិនិត្យ​​ និងព្យាបាល​ជំងឺជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព​ និងទទួលបានការជឿទុកចិត្តពីប្រជាពល​រដ្ឋដោយប្រកាន់​ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ៕