(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ វេទិកាអភិបាលក្រុងអាស៊ាន (AMF) ដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមប្រជុំបូកសរុបលទ្ធផល នៃកិច្ចពិភាក្សាចំនួន៥ចំណុច ដែលបានបែងចែកក្រុមពិភាក្សាកាលពីម្សិលមិញ។

ក្នុងកិច្ចប្រជុំបូកសរុបនេះ ធ្វើឡើងដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ, លោកស្រី Bernadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLG ASPAC និង AMF, លោកបណ្ឌិត Emil Elestianto Dardak អភិបាលរងខេត្តចាវ៉ាខាងកើត ប្រទេសឥណ្ឌូនេស៉ី, លោក Bima Arya Sugiarto អភិបាលក្រុង Bogor ប្រទេសឥណ្ឌូនេស៉ី និងលោកស្រី Stephany Uy Tan ទីប្រឹក្សាក្រុង Catblalogan ប្រទេសហ្វីលីពីន។

កិច្ចពិភាក្សាជាក្រុមនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ រួមមាន៖

*ទី១៖ ការធ្វើហិរញ្ញប្បទានគម្រោងដែលមានចីរភាពដើម្បីការអភិវឌ្ឍទីក្រុង

*ទី២៖ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន, ការស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបន្ស៉ីគ្នារវាងផែនការអភិវឌ្ឍប្រកបដោយចីរភាពក្នុងទីក្រុងនៅកម្រិតប្រទេសនីមួយៗ និងកម្រិតតំបន់ ក៏ដូចជានៅរដ្ឋបាលមូលដ្ឋានអាស៊ាន

*ទី៣៖ អភិបាលកិច្ចឌីជីថល ការជំរុញបរិវត្តកម្មក្នុងទីក្រុងសម្រាប់ការចូលរួមរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋសំដៅសម្រេចបានឌីជីថលូបនីយកម្មក្នុងអាស៊ាន

*ទី៤៖ នគរូបនីយកម្មអាស៊ានប្រកបដោយចីរភាព ការបង្ហាញរបាយការណ៍នគរូបនីយកម្មអាស៊ានប្រកបដោយចីរភាព

*ទី៥៖ ភាពធន់នឹងអាកាសធាតុក្នុងទីក្រុង និងការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយនៅក្នុងតំបន់អាស៊ាន។

សូមជម្រាបថា នៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងវេទិការកិច្ចប្រជុំអភិបាលក្រុងអាស៊ាន។

កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍អាស៊ាន។

កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំរយៈពេល២ឆ្នាំជាប់គ្នា គឺគ្រាន់តែចេញសេចក្តីថ្លែងការណ៍ពីចំងាយ ដោយសារមូលហេតុ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅឆ្នាំ២០២២នេះ កម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន ដោយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នករៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ នាថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២២នេះ៕