(ភ្នំពេញ)​៖​ លោកស្រីបណ្ឌិត អ៉ីរ៉ាវាទី ជិនដ្រាដេវី អគ្គលេខាធិការ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) បានកោតសរសើរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំពោះការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២នេះ ប្រកបដោយភាពជោគជ័យនិងប្រព្រឹតិ្តទៅដោយរលូន ដែលបានបង្ហាញនូវស្មារតីពិតប្រាកដនៃការសាមគ្គីភាព ការរួបរួមគ្នា មិត្តភាព និងភាពជាដៃគូនៅក្នុងសហគមន៍អាស៊ាន។

ការកោតសសើរបែបនេះរបស់ លោកស្រីបណ្ឌិត អ៉ីរ៉ាវាទី ជិនដ្រាដេវី បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២នេះ (AMF 2022) នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ។

លោកស្រីបណ្ឌិត អ៉ីរ៉ាវាទី ជិនដ្រាដេវី បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក លោកស្រីពីបណ្តាទីក្រុងអាស៊ាន ក៏ដូចជាក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែកធ្វើឲ្យសម្រេចបាននៅកិច្ចប្រជុំ និងវេទិកានេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ សម្រាប់ការជុំគ្នានៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំនេះ ហើយឃើញថា នេះជាស្មារតីមិត្តភាពនិងទំនាក់ទំនងដ៏ស្អិតល្មួត ដោយមានកិច្ចប្រជុំផ្សេងៗជាច្រើន ដែលនេះគឺជាឱកាសក្នុងការចូលរួមចែករំលែកបទពិសោធន៍ ចែករំលែកចំណេះដឹង ជាមួយនឹងបញ្ហាប្រឈមនិងដំណោះស្រាយដែលអាចធ្វើទៅបាន។

ជាងនេះទៅទៀត លោកស្រីបន្ថែមថា កិច្ចប្រជុំទាំងពីរ ក៏មានការពិភាក្សារកដំណោះស្រាយ និងបទពិសោធន៍ពីរាជធានី រដ្ឋធានីដទៃទៀត ដើម្បីជាធាតុចូលក្នុងការពង្រឹង និងគ្រប់គ្រងរាជធានី រដ្ឋធានីអាស៊ាន ជាពិសេសក៏មានបទបង្ហាញចែករំលែកពីដៃគូ និងសមាជិក គឺត្រូវរៀបចំដោយមានការគិតគូរដល់ប្រជាពលរដ្ឋជាធំ និងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ។

លោកស្រីបណ្ឌិត អគ្គលេខាធិការ បានបន្តថា កិច្ចប្រជុំ និងវេទិកានៅថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះមួយ សម្រាប់បន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៅក្នុងតំបន់អាស៊ាន។ មួយវិញទៀត បានអនុម័តនៅសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ គឺបណ្តារាជធានី រដ្ឋធានី មានឱកាសក្នុងការបានជួបជុំគណៈប្រតិភូ ឯកឧត្តមអភិបាល អភិបាលរង ដើម្បីចូលរួមអានរួមគ្នានៅសេចក្ដីថ្លែងការណ៍ ព្រោះនេះគឺជាសេចក្ដីថ្លែងការណ៍របស់បណ្តារាជធានី រដ្ឋធានីអាស៊ានទាំងអស់គ្នា ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការធ្វើការរួមគ្នា និងឆ្លុះបញ្ចាំងពីទំនុកចិត្ដ។

លោកស្រី អ៉ីរ៉ាវាទី ជិនដ្រាដេវី ក៏សូមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់របស់បណ្តារាជធានី រដ្ឋធានីអាស៊ានទាំងអស់ ក្នុងការបង្កើតរាជធានី-រដ្ឋធានី ឲ្យមានភាពធន់ មាននិរន្តរភាព និងភាពឆ្លាតវៃ ខណៈដែលកិច្ចការនេះ មិនមែនជាអ្វីដែលកើតឡើងនៅក្នុងថ្ងៃនេះ ឬម្សិលមិញនោះទេ គឺជាអ្វីដែលបានបន្តមករាប់ឆ្នាំមកហើយ ដើម្បីអាចទៅមុខរួមគ្នា ជោគជ័យទាំងអស់គ្នា ដោយត្រូវបន្តសាមគ្គីភាពជាបន្តទៅទៀត ដើម្បីអាចសម្រេចបានគោលដៅ ក្នុងការបង្កើតទីក្រុងដែលមានភាពឆ្លាតវៃ មានភាពធន់ និងមាននិរន្តរភាព។

លោកស្រីបានសន្យានឹងបន្តកិច្ចការនេះ ជាមួយអភិបាលក្រុងឥណ្ឌូនេស៊ីបន្តទៀត ដែលជាប្រធានប្តូរវេន នៅឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា ដើម្បីរួមគ្នាធ្វើឲ្យទីក្រុងក្នុងតំបន់អាស៊ាន មានភាពឆ្លាតវៃ មានភាពធន់ និងនិរន្តរភាព៕