(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អ៉ីរ៉ាវ៉ាទី ជិនដ្រាដេវី អគ្គលេខាធិការសមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) បានថ្លែងថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឲ្យរាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំធំ២ ក្នុងពេលតែមួយបានដោយជោគជ័យបំផុត ហើយលោកស្រីបានសម្ដែងនូវការកោតសរសើរដោយស្មោះអស់ពីចិត្ត។

ក្នុងជំនួបសម្តែងការគួរសមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន (ASEAN MAYORS FORUM 2022) ដែលទើបបញ្ចប់ទៅនៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រីអគ្គលេខាធិការ បានអះអាងថា បើគ្មានការដឹកនាំត្រឹមត្រូវ និងច្បាស់លាស់ទេ កិច្ចប្រជុំទាំង២ ដែលមានសារសំខាន់នេះមិនអាចដំណើរការបានទេ គឺកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២។

លោកស្រី អ៉ីរ៉ាវ៉ាទី ជិនដ្រាដេវី បានគូសបញ្ជាក់ថា ទោះបីកិច្ចប្រជុំទាំង២ខាងលើ មានរយៈពេលខ្លី តែអភិបាលក្រុង ឬតំណាងទីក្រុងនានាមកពីតំបន់អាស៊ាន បានចូលរួមពិភាក្សា និងផ្តល់បទពិសោធន៍ដ៏មានតំលៃសម្រាប់ការអភិវឌ្ឍន៍ទីក្រុង និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។

លោកស្រីបានបន្ថែមថា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសបើកកិច្ចប្រជុំ និងបានផ្តល់អនុសាសន៍ដ៏មានតំលៃ ដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅ ក្នុងការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបរិវត្តកម្ម និងបរិយាបន្ន័ តាមគន្លងប្រក្រតីភាពថ្មី។

បើតាមលោកស្រី អគ្គលេខាធិការ នៅពេលខាងមុខ អភិបាលក្រុងរបស់អាស៊ាន អាចពិភាក្សាការងារជាមួយចិន បូកឥណ្ឌា បូកកូរ៉េ បូកជប៉ុន ឬក៏អាចបូកអូស្ត្រាលី ទាំងពហុភាគី និងទ្វេភាគីថែមទៀត។

ជាមួយគ្នានោះ លោក ឃួង ស្រេង បានលើកឡើងដោយបង្ហាញនូវមោទកភាពថា តាមរយៈវេទិកា AMF និងកិច្ចប្រជុំ MGMAC 2022 ហើយឆ្លងតាមកិច្ចប្រជុំទាំង២ខាងលើ បានផ្តល់បទពិសោធន៍ជាច្រើន ដល់ការអភិវឌ្ឍន៏ទីក្រុង និងបញ្ហាប្រឈមមួយចំនួន ទាំងទីក្រុងអភិវឌ្ឍន៍ និងទីក្រុង មិនទាន់អភិវឌ្ឍន៍ ក្នុងតំបន់អាស៊ានរបស់យើង។

បន្ថែមពីនេះ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់របស់លោកស្រី អ៉ីរ៉ាវាទី ជិនដ្រាដេវី និងបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការអភិវឌ្ឍន៍ទីក្រុង ពីបទពិសោធន៍ល្អៗ ដែលលោកស្រីមានក៏ដូចអភិបាលរាជធានី និងរដ្ឋធានីអាស៊ានដទៃទៀតដែរ៕