(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំថ្មីមួយឱ្យអ្នកធ្វើអាជីវកម្ម ផ្តល់សេវាសុខាភិបាល យកចិត្តទុកដាក់គ្រប់គ្រង និងអនុវត្តអាជីវកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសុខាភិបាល។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីផ្ទុះបាតុភាពដ៏ភ្ញាក់ផ្អើល និងសង្វេគមួយ ដោយពេទ្យឆ្មបនៅមន្ទីរព្យាបាលអង្ក្រងក្នុងខេត្តកំពង់ស្ពឺ បានរំលូតកូននាំឱ្យដាច់ពោះវៀនស្ត្រីជាម្តាយ។

ក្នុងសេចក្តីណែនាំចេញផ្សាយនៅយប់ថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អ្នកគ្រប់គ្រង និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឯកជនទាំងអស់ មានដូចជា បន្ទប់ពិគ្រោះថែទាំជំងឺ មន្ទីរព្យាបាលជំងឺ ជាពិសេស មន្ទីរពហុព្យាបាល និងមន្ទីរសម្ភព-រោគស្ត្រី។ល។ ចាំបាច់ត្រូវខិតខំគ្រប់គ្រងដំណើរការរបស់ខ្លួនឱ្យបានល្អប្រសើរត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសុខាភិបាល ត្រូវតែគោរពអនុវត្តតាមតួនាទី ភារកិច្ចនិងក្រមសីលធម៌វិជ្ជាជីវៈរៀងៗខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន។

ក្រសួងបានសង្កត់ធ្ងន់ថា អ្នកដែលប្រព្រឹត្តខុសឆ្គងពីវិជ្ជាជីវៈ ឬ មានការរធ្វេសប្រហែសលើការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួនឬធ្វើឱ្យមានកំហុសបច្ចេកទេសធ្ងន់ធ្ងរណាមួយបន្ថែមលើការដាក់វិន័យ នៃគណៈវិជ្ជាជីវៈនីមួយៗ នឹងត្រូវប្រឈមទៅនឹងច្បាប់ទៅតាមសណ្ឋានទម្ងន់ទោសដែលមានចែងនៅក្នុងច្បាប់ទាំងនោះ។

ជាមួយនឹងការចេញសេចក្តីណែនាំហើយនោះ ក្រសួងបានភ្ជាប់មកជាមួយនូវ ច្បាប់ចំនួនពីរផងដែរ ដើម្បីក្រើនរំលឹកពីការទទួលខុសត្រូវរបស់អ្នកផ្តល់សេវាកម្មសុខាភិបាល។ ច្បាប់ទាំងពីរនោះរួមមាន៖ ច្បាប់ស្តីពីការរំលូតកូន និង ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល៕