(ស្វាយរៀង)៖ មុខសញ្ញាឆក់កាបូប នៅក្រុងបាវិត និងក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយគ្រាន់តែរយៈពេលមួយសប្តាហ៍នេះ ឃាត់ជនសង្ស័យបានចំនួន៧នាក់។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ជនសង្ស័យចំនួន៥នាក់ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ពាក់ព័ន្ធនឹងករណីឆក់កាបូបនៅក្រុងបាវិត កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចបន្តថា កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង និងសង្កាត់ព្រៃឆ្លាក់ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ជនសង្ស័យឆក់កាបូបបានចំនួន២នាក់ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏បានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

ចំពោះករណីឆក់កាបូបនៅក្រុងស្វាយរៀងនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងជំនាញបានធ្វើពិនិត្យ តាមរយៈកាមេរ៉ាសុវត្ថិភាព និងបានកំណត់មុខសញ្ញាចំនួន២នាក់ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនោះពិតប្រាកដមែន។

សូមបញ្ជាក់ថា ករណីឆក់កាបូប និងករណីលួចនៅខេត្តស្វាយរៀង បានកម្រើកឡើងគួរឲ្យកត់សម្គាល់ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងស្នើដល់លោកស្នងការនគរបាលខេត្តស្វាយរៀងថ្មី ជួយបង្ក្រាប និងចាប់ជនល្មើសមកផ្ដន្ទាទោសឲ្យបានផងដែរ៕