(ព្រៃវែង)៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានជំរុញឱ្យលោកមេឃុំ និងមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យយកចិត្តទុកឱ្យបានម៉ត់ចត់ករណីផ្លូវ ១ខ្សែប្រវែងជិត១,០០០ម៉ែត្រ នៅក្នុងភូមិតាជៃ ដែលកសាងដោយមូលនិធិឃុំ ក្រោយប្រជាពលរដ្ឋសម្តែងការមិនពេញចិត្តជាថា ផ្លូវនេះធ្វើមិនត្រូវតាមស្តង់បច្ចេកទេស មិនមានគុណភាព និងខាតបង់តែថវិកា។

ការជំរុញបែបនេះ របស់លោក អ៉ីវ លាង បានធ្វើឡើងក្នុងការជួបប្រជុំជាមួយតំណាងជាប្រជាពលរដ្ឋភូមិតាជៃ ឃុំបឹងព្រះ ស្រុកបាភ្នំ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ ដើម្បីសំណេះសួរសំណាលសុខទុក្ខ ស្តាប់មតិយោបល់ស្វែងយល់បញ្ហាប្រឈម និងសំណូមរពរនានា។ ការជួបជុំនេះមានការអញ្ជើញចូលរួមពីប្រធានក្រុមការងារចុះជួយភូមិតាជៃ ប្រធាន អនុប្រធានសមាជិកចុះជួយភូមិ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ អនុប្រធាន សមាជិកភូមិ និងអ្នកពាក់ព័ន្ធ។

ក្នុងពេលនោះដែរ លោក អ៉ីវ លាង បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងស្នើដល់ប្រជាពលរដ្ឋចូលរួមជួយផ្សព្វផ្សាយដល់អ្នកគ្រប់អាយុសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះដោយសារនៅសល់តែ ៥ថ្ងៃទៀតនឹងត្រូវបានបញ្ចប់ហើយ ដោយឡែកសម្រាប់អ្នកទើបដល់អាយុ អ្នកហួស ឬមានសុពលភាពក្រោម៩០ថ្ងៃ សូមអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។

ក្រៅពីនេះលោកក៏បានជំរុញដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកបំពេញសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសិទ្ធភាព ជាពិសេសឱ្យបានលឿនតាមអាចធ្វើបាន។

ជាមួយគ្នានេះដែរ ពាក់ព័ន្ធគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព លោក អ៉ីវ លាង បានជំរុញឱ្យរដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាល សហការគ្នាធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាជនទូទាំងឃុំ បើអាចរៀបចំជាវេទិកាសាធារណៈកាន់តែប្រសើរ។

ប្រធានក្រុមការងារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងឃុំ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ទប់ស្កាត់បង្ក្រាបហេតុការមិនល្អទាំងឡាយ ដើម្បីភូមិ ឃុំ មានសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន។

គួរបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់ប្រជុំនេះដែរលោកបានអញ្ជើញចុះពិនិត្យផ្លូវ ១ខ្សែនេះជាក់ស្តែងជាមួយនឹងក្រុមការងារ អមដោយលោកមេឃុំ និងអាជ្ញាធរពាក់ព័ន្ធផងដែរ៕