(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុនី រាជា មានព្រះសង្ឃដីកាថា វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចម្រើនជាលំដាប់ ព្រោះមានការចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីទទួលបុណ្យផ្កាប្រាក់សមាគ្គីដែលបានដង្ហែរមកប្រទេសថៃ គឺក្រុមហ៊ុន Me Care Group នៅប្រទេសថៃ ដើម្បីចូលរួមការកសាងអគារសិក្សាថ្មី នៅពុទ្ធិកៈសាកលវិទ្យាល័យ ព្រះសីហមុនី រាជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានសង្ឃដីកាថា ពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុន រាជា បានកសាងសង់នូវអគារសិក្សាថ្មី ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់សមណនិស្សិត និងសិស្សនិស្សិត ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងពុទ្ធបរិស័ទ សប្បុរសជនក្នុង និងក្រៅប្រទេស បានចូលរួមការកសាងជាបន្តបន្ទាប់ នេះបញ្ជាក់ថា មិនត្រឹមតែរាជរដ្ឋាភិបាលនោះទេ សូម្បីប្រជាពលរដ្ឋទូទៅ ក៏បានឲ្យតម្លៃដល់ការអប់រំផងដែរ។

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានសង្ឃដីកាបន្ថែមថា អគារសិក្សាដែលកំពុងកសាង ថ្មីនេះ មានកម្ពស់៩ជាន់ គ្រោងចំណាយប្រមាណ២លានដុល្លារ សម្រេចការសាងសង់បានជាង៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៣ខាងមុខ។

គួរំលឹកដែរថា បន្ទាប់ពីកាអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីកន្លងមកនេះ មានសប្បុរសជន ឲ្យចូលរួមកសាងនូវអគារសិក្សាថ្មី ក្នុងពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា ទៅតាមលទ្ធភាព ដើម្បីផ្ដល់ជាប្រយោជន៍ ក្នុងការជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា ក្នុងនោះក៏មានថវិកា ដ៏ថ្លៃថ្លាបំផុតគឺថវិការសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមបរិច្ចាគថវិកា២០ម៉ឺនដុល្លារ ក្នុងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានថ្វាយថវិកា១០ម៉ឺនដុល្លារថវិការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបរិច្ចាគថវិកា ២០ម៉ឺនដុល្លារ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និងលោកស្រី ទៀង ផល្លា ចូលរួមបរិច្ចាគថវិកា ២០ម៉ឺនដុល្លា រួមទាំងសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានសមាគមនឧកញ៉ាកម្ពុជា បាននាំយកបច្ច័យ ២,៤២១,៧២២ ដុល្លារសម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាព្រមទាំងសប្បុរសជននានាផងដែរ៕