(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង និងច្រានចោលយ៉ាងដាច់អហង្ការ ចំពោះគំនិតអគិតរបស់បុគ្គលមួយចំនួន ដែលបានចោទប្រកាន់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំបញ្ជីឈ្មោះសមាជិក សមាជិការបស់ខ្លួន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផ្ញើទៅក្រសួងអប់រំ យុវជន និងកីឡា។
តាមរយៈ Facebook នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ យុវជន និងកីឡា។
ផ្អែកលើព័ត៌មាននេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថាមិនមានករណីបែបនេះ កើតឡើងនោះទេ។ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក «អ្នកចេះគឺជាប់»។
ក្នុងនាមជា ប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ខ្ញុំក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយខ្ញុំក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា យើងខ្ញុំមិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយ យើងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប»។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់។ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥,១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧,៧៥៣នាក់។ ការប្រលងនេះ គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕