(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងលើកទឹកចិត្តដល់សិស្សាទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោកអភិបាលខេត្ត អ៊ុន ចាន់ដា រួមជាមួយលោក ឡៅ ឈាអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ចូលរួមកាត់បើកវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុក្នុងក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាមបានថ្លែងថា «ត្រូវខិតខំសរសេរឲ្យបានច្រើន ដោយកុំមានការព្រួយបារម្ភអ្វីឡើយ ពោលគឺត្រូវយកអ្វីដែលយើងបានខិតខំពីមុន យកមកបញ្ចេញឲ្យអស់ពីសមត្ថភាពក្នុងពេលប្រឡងនេះ ដើម្បីប្រជែងយកឱ្យបាននូវពិន្ទុល្អ»

លោកអភិបាលខេត្តបានបញ្ជាក់ថា វិញ្ញាសាទាំងអស់នេះគឺត្រូវបានគ្រប់គ្រងដោយក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរខេត្ត គឺពុំមានការបែកធ្លាយនោះទេ។ ដូច្នេះសូមបេក្ខជនកុំបារម្ភ ហើយត្រូវខិតខំធ្វើសំណួរចម្លើយ សរសេរឲ្យបានច្រើន ចៀសវាងការបើកចម្លង និងលួចចម្លងគ្នា។

អភិបាលខេត្តកំពង់ចាមបានយកឱកាសនោះជូនពរដល់សិស្សទាំងអស់សូមឱ្យប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អផងដែរ។

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម បានឱ្យដឹងថា មណ្ឌលប្រឡងក្នុងខេត្តកំពង់ចាមមានសរុប មាន១៤មណ្ឌល ក្នុងនោះក្រុងកំពង់ចាមមានចំនួន ១០ មណ្ឌលស្រុកកំពង់សៀមចំនួន២មណ្ឌល និងស្រុកជើងព្រៃចំនួន២មណ្ឌល។ ចំពោះបន្ទប់ប្រឡងមានសរុប៣៣៩បន្ទប់ ក្នុងនោះផ្នែកវិទ្យាសាស្រ្តចំនួន១២៨បន្ទប់ និងផ្នែកវិទ្យាសាស្រ្តសង្គមចំនួន២១១បន្ទប់៕