(ភ្នំពេញ)៖ នៅខេត្តរតនគិរី ក្នុងចំណោមបេក្ខជនសរុបចំនួន១,៦០៦នាក់ (ស្រី៧៩០នាក់) ក៏មានបេក្ខជនជាជនជាតិដើមភាគតិចចំនួន៥១០នាក់ដែរ ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២នេះ។ នេះបើតាមលោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំខេត្តរតនគិរី។

គួរជម្រាបថា ក្នុងឱកាសដឹកនាំក្រុមការងារបានចូលរួមពិនិត្យ និងបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪសម្តេចម៉ែ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បានលើកទឹកចិត្តនិងផ្តាំផ្ញើដល់បេក្ខជនត្រូវខិតខំបញ្ចេញឲ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

លោក ញ៉ែម សំអឿន បានថ្លែងថា សម្រាប់ដំណើរការប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិតដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធ៌ម តម្លាភាព និងលទ្ធផលទទួលយកបាន។

លោកអភិបាលខេត្តបានបន្តថា ចំពោះបេក្ខជន-បេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់និងខិតខំសរសេរឲ្យបានត្រូវពោលគឺអក្សរស្អាតទៅលើក្រដាស់វិញ្ញាសា មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ញាត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះគឺជាប់»។

លោកប្រធានមន្ទីរអប់រំខេត្តរតនគិរីបានឲ្យដឹងថា សម្រាប់ប្រឡងទុតិយភូមិឆ្នាំនេះមាន៣មណ្ឌលប្រឡងគឺមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪសម្តេចម៉ែ មណ្ឌលប្រឡងវិទ្យាល័យភូមិថ្មី និងមណ្ឌលប្រឡងអនុវិទ្យាល័យប៊ូថងទេសអន្លុង។

លោកបន្តថា បេក្ខជនសរុបចំនួន១,៦០៦នាក់ (ស្រី៧៩០នាក់) ក្នុងនោះជនជាតិដើមភាគតិចចំនួន៥១០នាក់ (ស្រី២៤៧នាក់) ដោយក្នុងនោះបេក្ខជនចំណេះទូទៅចំនួន១,២៨៤នាក់ (ស្រី៦៧៥នាក់) បេក្ខជនស្វ័យរិនចំណេះទូទៅមានចំនួន១១៧នាក់ (ស្រី៥៥នាក់) និងបេក្ខជនថ្នាក់បំពេញវិជ្ជាមានចំនួន២០៥នាក់ (ស្រី៧៨នាក់) មានបន្ទប់សម្រាប់បេក្ខជនប្រឡងចំនួន៦៦បន្ទប់៕