(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានផ្ញើសាររម្លែកទុក្ខ ចំពោះមរណភាពលោក ចាង ហ្សេមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមសាររម្លែកទុក្ខ ដែលបណ្តាញ Fresh News ទទួលបាន។

សារលិខិតរម្លែកទុក្ខដែលផ្ញើជូន លោក លី ចាន់ស៊ូ (Li Zhanshu) ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេច ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមប្រធានជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! ខ្ញុំមានសេចក្ដីក្រៀមក្រំយ៉ាងក្រៃលែង នៅពេលបានទទួលដំណឹងថា ឯកឧត្តម ចាង ហ្សេមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលមរណភាព កាលពីរសៀល ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៦ឆ្នាំ កន្លងទៅនេះ»

ស្ថិតក្នុងពេលវេលាដ៏សោកសង្រែងនេះ ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន សូមសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះលោកប្រធាន និងតាមរយៈលោកប្រធាន ជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជាបងប្អូន ក៏ដូចជាក្រុមគ្រួសារ នៃសព នូវការបាត់បង់លោក ចាង ហ្សេមីន ជារដ្ឋបុរសដ៏ឆ្នើម នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមិនត្រឹមតែបានចូលរួមចំណែកយ៉ាងធំធេង ដល់ការកសាងវិបុលភាពរបស់សាធារណរដ្ឋប្រជាមានិតចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ។

សម្តេច ហេង សំរិន បានបន្ថែមថា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមកាន់នូវមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះសព លោក ចាង ហ្សេមីន ដែលជាការបាត់បង់ដ៏ធំធេង នៃបក្សកុម្មុយនីស្ត កងទ័ព និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិនទាំងមូល៕