(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើឲ្យអស់សមត្ថភាព និងថែទាំសុខភាពឲ្យបានល្អ សម្រាកឲ្យបានគ្រប់គ្រាន់ ហើយលោកក៏ជូនពរឲ្យក្មួយៗប្រឡងជាប់និទ្ទេសល្អៗ ទាំងអស់គ្នា។

ការលើកឡើងរបស់លោក ស៊ុន សុវណ្ណារិទ្ធិ ធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះបាសុរាម្រឹត ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោកអភិបាលខេត្ដបានបញ្ជាក់ថា ការប្រឡងឆ្នាំនេះក្រសួងអប់ រំយុវជន និងកីឡា បានធ្វើការអនុវត្តដោយប្រកាន់យកភាពម៉ឺងម៉ាត់ចំពោះការប្រឡងនេះដដែល សំដៅធ្វើយ៉ាងណាឲ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា អ្នកចេះ គឺជាប់ ដូចនេះក្មួយៗត្រូវយកឲ្យអស់បញ្ញាស្មារតី និងបញ្ចេញអស់សមត្ថភាព ក្នុងការប្រឡងយកសញ្ញាប ត្រមធ្យមសិក្សាទុតិយភូមិនេះ។

ជាមួយគ្នានេះ លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងខេត្ត សរុបចំនួន៨មណ្ឌល ចែកចេញជា១៧៣បន្ទប់ មណ្ឌលប្រឡងមាននៅក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ មានបេក្ខជនប្រឡងសរុប៤,៣០៤នាក់ ស្រី២,៣៧៦នាក់។

ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ២មណ្ឌល ស្មើ៤០បន្ទប់ មានបេក្ខជនប្រឡង១,០៥៩នាក់ ស្រី៦៩៥នាក់។ ថ្នាក់វិទ្យាសាស្ត្រសង្គម មាន៦មណ្ឌល ស្មើ១៣៣បន្ទប់ មានបេក្ខជន សរុប៣,២៤៥នាក់ ស្រី១,៦៨១នាក់។

ដោយឡែក នៅក្រៅបរិវេណមណ្ឌលប្រឡងគេឃើញមានក្រុម ស.ស.យ.ក ខេត្ត បានជួយរៀបចំកន្លែងផ្ញើកង់ម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាននៅមណ្ឌលប្រឡងនោះដែរ។ ចំពោះសភាពការប្រឡងមានភាពប្រសើរដំណើរការប្រឡងថ្ងៃដំបូងនាព្រឹកនេះ ក៏បានប្រព្រឹត្តទៅមានភាពរលូន៕