(កណ្ដាល)៖ តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លោក ប៊ុន ផេង អភិបាលរងខេត្ត បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោលគឺ «អ្នកចេះគឺជាប់»

ថ្លែងបែបនេះក្នុងឱកាសដែលលោកអភិបាលរងខេត្ត អមដោយមន្ត្រីពាក់ព័ន្ធជាច្រើននាក់អញ្ជើញកាត់បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ-បាក់ឌុប ឆ្នាំសិក្សា២០២១-២០២២ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្យកា ក្រុងតាខ្មៅ។

លោក ប៊ុន ផេង បានបង្ហាញហិបវិញ្ញាសាជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ទន្ទឹមនឹងនេះដែរ លោកអភិបាលរងខេត្ត បានផ្តាំផ្ញើជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។

បើតាមលោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលឲ្យដឹងថា សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខេត្តបានរៀបចំមណ្ឌលប្រឡងចំនួន ១៩មណ្ឌល ស្មើនឹង ៤១៩បន្ទប់ មានបេក្ខជនដាក់ពាក្យប្រឡងសរុប ១០,៤០១នាក់ (ស្រី ៥,៧៤៦នាក់) ចែកជា ថ្នាក់វិទ្យាសាស្ត្រ មាន៧មណ្ឌល បេក្ខជនសរុប ៣៤៤៥នាក់ ស្រី ២០៩២នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១២ មណ្ឌល បេក្ខជនសរុប ៦៩៥៦នាក់ ស្រី ៣៦៥៤នាក់៕