(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមស្ថានទូតប្រចាំកម្ពុជា បានផ្តល់ថវិកាសរុបចំនួន ១៨៦,៨៥៦ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយលោក តានិណៃ អ៉ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា, លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកំពង់ស្ពឺ និហលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម។

គម្រោងទាំង២នេះរួមមាន៖

*ទី១៖ គម្រោងសាងសង់ស្ពានក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ថវិកាចំនួន ៩៩,២១២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកំពង់ស្ពឺ។

ក្នុងគម្រោងនេះ ស្ពានឈើដែលពុកផុយនិងងាយរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងនឹងត្រូវបានជំនួសដោយស្ពានបេតុងថ្មី។ ក្នុងរដូវវស្សាពេលស្ពានត្រូវបានទឹកហូរកាត់ផ្តាច់ ប្រជាជនត្រូវធ្វើដំណើរតាមផ្លូវវាងដោយចំណាយពេលវេលា និងថវិកាច្រើន។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងស្រុកចំនួន ៣,៣០០នាក់ ដោយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្សនិងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ គម្រោងនេះមានបំណងរួមចំណែកដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន វត្តមានសិស្ស និងលទ្ធផលសិក្សា ព្រមទាំងការកើនឡើងនៃប្រាក់ចំណូលកសិកម្មតាមគ្រួសារ។

*ទី២៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រទួលអណ្តែត ក្នុងខេត្តកំពង់ចាម (ថវិកាចំនួន ៨៧,៦៤៤ដុល្លារ) ស្ថាប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម។

ជំនួយនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ស្តារទំនប់ និងលូមូលចំនួន៣ ដែលរងការខូចខាត នៅក្នុងស្រុកព្រៃឈរ។ បរិក្ខារធារាសាស្ត្រដែលរងការខូតខាតទាំងនេះ មិនអាចស្តុកទឹកភ្លៀងបានគ្រប់គ្រាន់ក្នុងរដូវវស្សាទេ។ ជាលទ្ធផល ការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃមិនគ្រប់គ្រាន់ ហើយការធ្វើស្រែចម្ការមិនស្ថិតស្ថេរ ដោយអាស្រ័យលើទឹកភ្លៀង។

គម្រោងនេះមានគោលបំណងកាត់បន្ថយការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងរដូវប្រាំង ហើយយើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៤,៥០០នាក់។ ជំនួយនេះក៏នឹងរួមចំណែកដល់ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ តាមរយៈការធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាព។

បើតាមលោក តានិណៃ អ៉ិឈិតុម៉ុ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តកម្មវិធីគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណិ មានន័យថា «ឬសស្មៅ» ក្នុងភាសាជប៉ុន។

លោក បានគូសបញ្ជាក់ថា៖ «នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦៦០ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន»

ជាមួយគ្នានេះដែរ លោកឧបទូតនៃស្ថានទូតជប៉ុនរូបនេះ បានបង្ហាញសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា លោកក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង «គូសាណូណិ» ផងដែរ។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៥លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៦៧គម្រោងនៅទូទាំងប្រទេសកម្ពុជា៕