(ភ្នំពេញ)៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករជាតិ រួមមាន កងទ័ពជើងគោក មជ្ឈមណ្ឌលកងរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីរៀបចំផែនការបោសសម្អាតមីនក្រោមការគាំទ្រពីមូលនិធិកម្ពុជា គ្មានមីនឆ្នាំ២០២៥។ ជាមួយគ្នានេះ ក៏បានលើកឡើងបច្ចុប្បន្នភាព វឌ្ឍន៍ភាព និងប្រសិទ្ធភាពនៃការងារសកម្មភាពមីន។

ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីការអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីនទាំងពីរដំណាក់កាល ដែលមានប្រជាជនកម្ពុជាចំនួន១០ខេត្ត បានទទួលផលប្រយោជន៍ពីគម្រោងនេះ ដោត្រូវធ្វើការបោសសម្អាតផ្ទៃដីមានមីន ចំនួន៩១,១២៣,៣៤៩ម៉ែត្រក្រឡា ក្នុងខេត្តចំនួន៦ នឹងត្រូវប្រកាសជាខេត្តអស់មីន រួមមាន ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តស្វាយរៀង និងខេត្តកំពត និងស្រុកចំនួន១៤ និងឃុំចំនួន១១ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តសៀមរាប និងខេត្តកំពង់ធំ នឹងត្រូវប្រកាសជាស្រុកឃុំអស់មីន។

ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ ចំពោះប្រតិបត្តិករជាតិទាំងបី ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តការងារបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីនដោយជោគជ័យ និងត្រៀមប្រកាសខេត្ត ស្រុក អស់មីនជាបន្តបន្ទាប់។ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រតិបត្តិករជាតិ អន្តរជាតិដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងនាមប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកំពុងបន្តរស់នៅលើតំបន់សង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានទម្លាក់ថវិកាបន្ថែមចំនួន៣០លានដុល្លារ បញ្ចូលក្នុងមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ទោះបីមានបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅបន្តត្រូវការឲ្យមានការចូលរួមគាំទ្រកាន់តែខ្លាំងក្លាបន្ថែមទៀតពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីននៅកម្ពុជា និងបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយរួមគ្នា៕