(ភ្នំពេញ)៖ ក្រុមហ៊ុនតៃខា ខបភើរេសិន របស់ជប៉ុន បានសាងសង់ទីលានបាល់ទាត់ហ្វូតសាលស្មៅសិប្បនិម្មិត ជូនទៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិទន្លេបាទី ដើម្បីរួមចំណែកគាំទ្រដល់វិស័យបាល់ទាត់នៅកម្ពុជា។

ពិធីប្រគល់ និងទទួលទីលានបាល់ទាត់ហ្វូតសាលនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក មិកាមិ ម៉ាសាហ៉ិរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីលោក ស៊ូហ៊្សូគី ថៃតូ នាយកប្រតិបត្តិក្រុមហ៊ុនតៃខា ខបភើរេសិន ថ្នាក់ដឹកនាំមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ ព្រមទាំងសិស្សដែលកំពុងហ្វឹកហាត់កីឡាបាល់ទាត់នៅក្នុងមជ្ឈមណ្ឌល។

មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិទន្លេបាទី គឺជាថ្នាល់បណ្តុះបណ្តាលកីឡា ជាពិសេសកីឡាបាល់ទាត់ដ៏សំខាន់មួយនៅកម្ពុជា។ ការហ្វឹកហាត់នេះ ទាមទារចាំបាច់នូវបរិក្ខារនានាគាំទ្រដល់ការហ្វឹកហាត់របស់សិស្ស។

លោក សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនតៃខា របស់ជប៉ុន ដែលបានសាងសង់ទីលានបាល់ទាត់ហ្វូតសាលនេះ។ លោក បានគូសបញ្ជាក់ថា ទីលានបាល់ទាត់នេះ ឆ្លើយតបជាចាំបាច់សម្រាប់ការហ្វឹកហាត់នៅក្នុងមជ្ឈមណ្ឌល។

លោក មិកាមិ ម៉ាសាហ៉ិរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរដល់ក្រុមហ៊ុនតៃខា ដែលបានចូលរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត ចាត់ទុកការជួយគាំទ្រផ្នែកកីឡាពីសំណាក់ក្រុមហ៊ុនជប៉ុន ក៏ជាចំណែកជួយធ្វើឱ្យចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនកាន់តែល្អប្រសើរ ខណៈដែលចំណងទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់គម្រប់អាយុ ៧០ឆ្នាំ នៅឆ្នាំ២០២៣។

ក្រុមហ៊ុនតៃខា របស់ជប៉ុន បានចូលរួមចំណែកគាំទ្រយ៉ាងខ្លាំងដល់កីឡាបាល់ទាត់នៅកម្ពុជា។ ក្រុមហ៊ុន ធ្លាប់បានសាងសង់ទីលានបាល់ទាត់ហ្វូតសាលជូនទៅសាលាមិត្តភាពកម្ពុជា-ជប៉ុន នាខេត្តព្រៃវែង និងជូនទៅវិទ្យាល័យព្រែកលាបផងដែរ។

លោក ស៊ូហ៊្សូគី ថៃតូ នាយកប្រតិបត្តិក្រុមហ៊ុនតៃខា ខបភើរេសិន បានគូសបញ្ជាក់ថា កម្ពុជា និងជប៉ុន ជាប្រទេសមានទំនាក់ទំនងល្អនឹងគ្នា ជាយូរមកហើយ ដូច្នេះលោកនឹងប្រឹងប្រែងរួមចំណែកជួយពង្រឹងនូវទំនាក់ទំនងដ៏ល្អតាមរយៈវិស័យកីឡា។ លោកនាយកប្រតិបត្តិក្រុមហ៊ុនតៃខា បានអះអាងថា លោក នឹងបន្តកសាងទីលានបាល់ទាត់ហ្វូតសាលស្មៅសិប្បនិម្មិតនៅកម្ពុជាជាច្រើនទៀត ដើម្បីគាំទ្រដល់ការហ្វឹកហាត់ផ្នែកបាល់ទាត់៕