(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសារអបអរសាទរជូនសម្ដេច ដែលត្រូវបានរដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រគល់មេដាយមាសអនុស្សាវរីយ៍មហាកំពែង (Gold Great Wall Commemorative Medal) កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។

តាមរយៈសារលិខិតនេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា៖ ខ្ញុំពិតជាមានសេចក្ដីសោមនស្សយ៉ាងក្រៃលែងចំពោះសមានចិត្ត រាប់អានដ៏ជ្រាលជ្រៅ និងពាក្យពេចន៍ជូនពះប្រកបដោយអត្ថន័យរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកម្លាំង ជំរុញទឹកចិត្តបន្ថែមទៀតសម្រាប់រូបខ្ញុំ ក្នុងការបន្តបេសកកម្មរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា បម្រើក្នុង បុព្វហេតុជាតិ និងប្រជាជនកម្ពុជា ។

សម្តេចក៏សូមយកឱកាសនេះ សម្តែងនូវការគោរព និងថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា សម្រេចបានសមិទ្ធផលត្រចះត្រចង់ជាច្រើនក្នុងសកម្មភាពមនុស្សធម៌ និងការជួយដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ សំដៅលើកស្ទួយជីវភាពរស់នៅ និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ ។

សម្តេចសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងជ័យជម្នះលើគ្រប់ភារកិច្ច ព្រមទាំងបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕