(កំពង់ធំ)៖ ផ្ទះថ្មីអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារអតីត​យុទ្ធ​ជនពលីនៅ​ឃុំ​មានជ័យ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ គឺលោក​ស្រី ម៉ី កាន់ អាយុ៦៤ឆ្នាំ ដែលត្រូវជាភរិយារបស់លោកព្រិន្ទបាលឯក គឹម រឿន ដែលលោកបានបម្រើកងទ័ពនៅឆ្នាំ១៩៩២ ក្នុងអង្គភាពវរសេនាតូចលេខ៥ ខេត្តកំពង់ធំ ប៉ុន្តែដោយសារឆ្លងជំងឺគ្រុនចាញ់​និង​របួសចាស់រើឡើងផងនោះ ទើបធ្វើឱ្យលោកព្រិន្ទបាលឯក គឹម រឿន ទទួលមរណភាពកាលពីឆ្នាំ២០១០។

ការប្រគល់ផ្ទះនេះធ្វើឡើងតាមរយៈលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ នេះជាផ្ទះទី២២៨ហើយ ដែល​ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិរំពុះ ឃុំ​មានជ័យ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​នេះ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ ដោយមើលឃើញពីជីវភាពរស់នៅរបស់លោក​ស្រី ម៉ី កាន់ មានការលំបាកខ្វះខាត ពុំមានលទ្ធភាពសាងសង់ផ្ទះឱ្យបានសមរម្យដោយខ្លួនឯង ទើបគណៈកម្មាធិការសមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ ដោយមានការឯកភាពពីនាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា សម្រេចសាង​សង់​ផ្ទះជូនគាត់នៅពេលនេះ​ជាខ្នងផ្ទះទី២២៨​របស់​សម្តេច​តេជោ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន​សែន​។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បានបន្តថា ការសាងសង់ផ្ទះនេះ គឺខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តារ ជញ្ជាំង​ស្មាតបត​ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគ្រួសារអតីត​យុទ្ធ​ជនពលី លោកស្រី ម៉ី កាន់ បន្ថែមទៀត រួមមានអង្ករចំនួន៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី/ទឹកស៊ីអ៉ីវ​ចំនួន​២យួរ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជាឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ។

លោកស្រី ម៉ី កាន់ និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណនិង​សូម​គោរព​ជូន​ពរ​ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនឹងពុទ្ធពរទាំងប្រាំប្រការ និង​បានប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ​សម្តេច​តេជោ ហ៊ុន​ សែន​៕