(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការតំណាងទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្លាស់ប្ដូរចំណេះដឹងរវាងកម្ពុជា-អូស្ត្រាលី ស្ដីពីវិស័យទឹកកខ្វក់។

សិក្ខាសាលានេះ មានការចូលរួមពីស្ថានទូតអូស្រ្តាលី ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ តំណាងដៃគូអភិវឌ្ឍន៍​ ព្រមទាំងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តផងដែរ។

សិក្ខាសាលានេះត្រូវបានចាត់ទុកជាថ្នាលបណ្តុះបណ្តាលដ៏មានសារៈសំខាន់ដែលប្រមូលផ្តុំដោយអ្នកជំនាញបច្ចេកទេស អ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងវិស័យរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា ជួបជុំធ្វើបទបង្ហាញ និងពិភាក្សាដើម្បីចែករំលែកព័ត៌មាន ផ្លាស់ប្ដូរចំណេះដឹង​ បទពិសោធន៍ និងមតិយោបល់ សំដៅស្វែងរកដំណោះស្រាយ ធានាបាន នូវសុខមាលភាពសាធារណៈ សុខសុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ចសង្គម និងធនធានបរិស្ថាន សម្រាប់មនុស្សជាតិ តាមរយៈយន្តការពង្រឹងលើប្រព័ន្ធទឹកកខ្វក់។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បែងចែកជា៤វគ្គ សំខាន់ៗរួមមាន៖ វគ្គទី១ ផ្ដោតលើការកំណត់បរិបទនៃការគ្រប់គ្រងទឹកកខ្វក់ (Context Setting) វគ្គទី២ ផ្ដោតលើតួនាទី និងតួអង្គ (Roles and Players) វគ្គទី៣ ផ្ដោតលើឧបសគ្គ និងឱកាសនៃប្រព័ន្ធទឹកកខ្វក់ (Wastewater system constraints and opportunities) និង វគ្គទី៤ ផ្ដោតលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ (Policy and strategy development and implementation)។

លោក រស់ វណ្ណា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងក្រុមការងារ នៃស្ថានទូតអូស្ត្រាលី ព្រមទាំងអ្នកជំនាញមកពីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និងសមាគមទឹកនៃប្រទេសអូស្ត្រាលី (AWA) និងក្រុមការងារអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់​ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងសហការរួមគ្នារៀបចំសិក្ខាសាលានេះឡើង​ផងដែរ៕