(ភ្នំពេញ)៖ ក្រសួងអប់រំ​ យុវជន និងកីឡា បានចេញសេចក្តីប្រកាសផ្លូវការមួយ ក្រោយការប្រឡងបានបិទបញ្ចប់ ដោយបញ្ជាក់ថា ដំណើរការប្រឡងសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៥ ធ្នូ ២០២២ ដំណើរការទៅដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងទទួលយកបាន ហើយលទ្ធផលនឹងប្រកាសថ្ងៃទី២៧-២៨ ខែធ្នូ ខាងមុខនេះ។

តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលយកបាន បញ្ជាក់ឱ្យដឹងថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨១៣៥នាក់ ស្រី៦៨៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥១៧៤បន្ទប់។

ដំណើរការសំណេរត្រូវបានចូលរួមរៀបចំ ដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាសរុបចំនួន១៧ ២៤០នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និង គរុនិស្សិត ចំនួន ២៧៥៦នាក់, អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានី ខេត្តចំនួន ២៧០០នាក់។

បើតាមក្រសួងអប់រំ ក្នុងការប្រឡងឆ្នាំនេះ បេក្ខជនអវត្តមានសរុបចំនួន ២៤០០នាក់ ត្រូវជា១,៨៧ភាគរយនៃបេក្ខជនសរុប (ស្រី១០៣៦នាក់) បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល០៤ករណី និងសង្ស័យវិជ្ជមានជំងឺកូវីដ១៩ មាន៤ ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន០៣ករណី គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន១៤នាក់ ក្នុងនោះ០១នាក់មានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បានអនុវត្តតាមសេចក្តី ណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា មានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិ ត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, ភ្នាក់ងារសុខាភិបាល, កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ទោះបីនៅតាមខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិន ប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ។ បេក្ខជនប្រព្រឹត្ត កំហុសឆ្គងមានចំនួន០១ករណី។

ដំណើរការសំណេរបានបញ្ចប់ទៅនៅម៉ោង១៦:៣០រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ ហឹបសំណៅកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត និងត្រូវបញ្ចូនមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីត្រៀមដំណើការកំណែ។

ក្រសួងបញ្ជាក់ថា ជារួម ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។

តាមការគ្រោងទុកលទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh ផងដែរ៕