(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បានដឹកនាំធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៣ អាណត្តិទី៣ ឆ្នាំ២០២២ ដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរសនិងស្ត្រី ក្នុងដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

វេទិកានេះមានការចូលរួមពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក សា ស៉ីថា អភិបាលរងខេត្តកំពង់ចាម ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នាបរិវេណវត្តបទស្រីទន្ទឹង ភូមិបទស្រីទន្ទឹង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរសនិងស្ត្រី ក្នុងដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ អង្គវេទិកាបានធ្វើការបង្ហាញអំពីតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ បង្ហាញអំពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បង្ហាញនូវរបាយការណ៍អំពីសមិទ្ធផលការងារអនុវត្តរយៈពេល៩ខែ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

បន្ទាប់ពីស្តាប់នូវរបាយការណ៍លើកឡើងជាបន្តបន្ទាប់របស់អាជ្ញាធរខេត្ត ស្រុក និងឃុំរួចមក ប្រជាពលរដ្ឋបានលើកឡើងនូវមតិយោបល់ និងសំណូមពរចាំបាច់មួយចំនួនដើម្បីឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរធ្វើការដោះស្រាយ ដូចជាបញ្ហាជួយកសាង ផ្លូវ ស្ពាននៅកន្លែងមួយចំនួនកំពុងជួបការលំបាក សុំឱ្យមានការបញ្ចុះតម្លៃសម្រាប់ការប្រើប្រាស់អគ្គិសនី។

លោក ខ្លូត ផន បានលើកឡើងថា ក្រុមប្រឹក្សាគឺជាតំណាងនៃនីតិបុគ្គលសាធារណៈដែលនីតិបុគ្គលនេះ ត្រូវបានបង្កើតជំរុញនិងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពជាចមុ្បង និងដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ សំដៅធានាដល់ការបង្កើតនូវតម្លាភាពជំរុញឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើសំឡេង និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងការវិភាជធនធាន ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន។

ដូច្នេះការរៀបចំជាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមអាណត្តិទី៣នាថ្ងៃនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានាសម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមនឹងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងពីរបៀបនៃការចំណាយថវិការបស់រដ្ឋាភិបាល ដែលធ្វើតាមបែបណាខ្លះ និងចំគោលដៅ ដោយក្នុងរយៈពេល២ឆ្នាំនៃវិប្បត្តិកូវីដ-១៩ រដ្ឋាភិបាលបានកាត់បន្ថយការចំណាយតាមបណ្តា ក្រសួង ស្ថាប័ននានាប្រមាណ៥០ភាគរយ ដើម្បីយកថវិកាទាំងនោះមកជួយដល់កម្មករ/កម្មការិនី និងប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយរដ្ឋបានផ្តល់ប្រាក់ឧបត្តម្ភជូនសរុបរួមរយៈពេល២ឆ្នាំមកនេះ អស់ប្រមាណ៧០០លានដុល្លារ។ ដូច្នេះការចំណាយថវិការបស់រដ្ឋក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធមួយចំនួនមានការយឺតយ៉ាវ។

លោករដ្ឋមន្រ្តីបានជម្រាបជូនពីការបម្រុងទុកថវិកាតាមរយៈ បេឡាសន្តិសុខសង្គម ប.ស.ស ដើម្បីជួយដល់មន្រ្តីរាជការ និងកម្មករ និយោជិកមួយចំនួនធំនៅពេលជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារ និងពេលទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ ដែលមានកិច្ចសហការជាមួយ ប.ស.ស គឺមិនអស់លុយនោះទេ គឺរដ្ឋជាអ្នកចេញថ្លៃចំណាយក្នុងការព្យាបាល ទិញថ្នាំលេបថែមទៀតផងដែរ ដែលកិច្ចការដ៏សំខាន់នេះ គឺមិនដែលមានពីមុននោះទេ។ ជាមួយនេះ រដ្ឋក៏បានជួយចេញថ្លៃសម្រាប់ស្រ្តីទៅពិនិត្យផ្ទៃពោះ៤ដងមុនពេលសម្រាលកូន ដើម្បីបានដឹងពីសុខភាពរបស់កូនក្នុងផ្ទៃ និងសុខភាពម្តាយ។

លោកបានជំរុញដល់អាជ្ញាធរដែនដីត្រូវបន្តបង្កើតមុខរបរជូនប្រជាពលរដ្ឋ ផ្តល់សេវាសាធារណៈបានឆាប់រហ័ស ពិសេសក្រុមប្រឹក្សាឃុំ ដែលមានកញ្ចប់ថវិកាចំណាយត្រូវធ្វើឱ្យមានតម្លាភាព ហើយរាល់ការធ្វើអ្វី និងកសាងអ្វីមួយត្រូវផ្តល់ព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជម្រាប និងបានដឹងពីការចំណាយថវិកាពិតប្រាកដ។ លោកក៏បានលើកឡើងនូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺដើម្បីទទួលជោគជ័យ និងលទ្ធផលការងារល្អត្រូវអនុវត្តតាមរូបមន្តអាត់៤ បូក១ មានន័យថាការរួមគ្នា៤ គឺមេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ មេភូមិ បូកជាមួយមណ្ឌលសុខភាពដែលត្រូវធានាឱ្យបានល្អ។

ក្នុងឱកាសនេះដែរ លោក ខៀវ កាញារីទ្ធ បានធ្វើការដោះជាសំណូមពរចំពោះមុខដំបូងដោយជូនថវិកាចំនួន១លានរៀលដល់ ស្ត្រីក្រីក្រ១ម្នាក់រស់នៅភូមិទំពូង ឃុំល្វេ។ ផ្តល់នូវអំពូលសូឡាចំនួន២៣ និងអំពូលភ្លើង៦០អំពូលដល់ភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន៕