(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើងថា លោកមិនដែលបាក់ទឹកចិត្ត ចំពោះពាក្យរិះគន់នោះទេ ហើយប្រសិនបើការិះគន់នោះត្រូវ លោកនឹងទទួលយក ព្រមទាំងយកមកកែតម្រូវ ប៉ុន្តែបើអ្នករិះគន់ក្នុងន័យបង្ខូច និងគ្មានកាពិតលោកនឹងមិនខ្វល់ ឬខាតពេលទៅពន្យល់នោះទេ។

លោក ឌិត ទីណា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីកិច្ចសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា» នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

លោកថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនមែនជាមនុស្សបាក់ទឹកចិត្តទេ តែខ្ញុំជាមនុស្សប្រាកដនិយម អីចឹងនៅក្នុងការងារប្រាកដនិយមនេះ ខ្ញុំត្រូវការព័ត៌មានពិតច្រើនណាស់ ហើយខ្ញុំស្រលាញ់ណាស់នូវកាពិត និងព័ត៌មានពិត។ អ្វីដែលធ្វើសព្វថ្ងៃអាចដាក់នូវគោលនយោបាយ ឬដាក់នូវវិធានការដែលមានប្រសិទ្ធភាពបាន ដរាបណាយើងក្តាប់បាននូវកាពិតគ្រប់ជ្រុងជ្រោយ។ អីចឹងបើសិនជាការងារមួយយើងដឹងតាមគេ លឺតាមគេថា ហើយមិនបានមើលគ្រប់ជ្រុងជ្រោយ នូវវិធានការដែលបានដាក់ចេញទៅ នឹងបង្កើតនូវបញ្ហាបន្ថែមទៀត។ អីចឹងមានច្រើនណាស់វិធីសាស្រ្ត ដែលអ្នកផ្សេងគិតថា គួរត្រូវធ្វើ ហើយគេអាចនិយាយមកសមហេតុសមផលណាស់ ប៉ុន្តែទូទៅ មិនដែលមានអ្នកមានសួរគាត់ថា បើធ្វើអីចឹងហើយ វាកើតស្អីបន្តទៀត ឬកើតជាបញ្ហាអីមកទៀត»

លោកថា លោកត្រូវរត់ចុះរត់ឡើងទៅដល់ទីតាំងនៅតាមមូលដ្ឋាន ពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីទទួលបានព័ត៌មាន សម្រាប់ការវាយតម្លៃទាំងពីលក្ខណៈបច្ចេកទេស រហូតដល់សេដ្ឋកិច្ច នយោបាយ។

ការលើកឡើងរបស់រដ្ឋមន្រ្តីវ័យក្មេងរូបនេះ ខណៈចាប់តាំងពីលោកឡើងជារដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងរយៈពេលជិត៥០ថ្ងៃមកនេះ មានមតិរិះគន់មួយចំនួនមកលើរូបលោក។

លោករដ្ឋមន្រ្តីបន្តថា រាល់មតិរិះគន់ទាំងអស់ ប្រសិនជាការនិយាយលើកឡើងនោះ ជារឿងត្រឹមត្រូវ លោកនឹងយកពិចារណា និងកោតសរសើរ ប៉ុន្តែប្រសិនបើការលើកឡើងនោះ ជាមតិដែលមិនត្រឹមត្រូវ គ្មានហេតុផលច្បាស់លាស់ ឬគ្មានការវាយតម្លៃបានត្រឹមត្រូវពីស្ថានភាព លោកនឹងមិនខ្វល់ ឬធ្វើការពន្យល់ទៅវិញនោះទេ ព្រោះបើការវាយតម្លៃមិនត្រឹមត្រូវផង ធ្វើម៉េចនឹងអាចផ្តល់ដំណោះស្រាយ ដែលមានលក្ខណៈយូរអង្វែងបាន។

ជាមួយគ្នានេះ បើអ្នករិះគន់នោះមានជំនាញចេះធ្វើពិតប្រាកដ លោកនឹងហៅមកជួយ ដើម្បីធ្វើឱ្យចេញជាលទ្ធផលតែម្តង។

សូមជម្រាបថា លោក ឌិត ទីណា ត្រូវបានប្រកាសចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ជំនួសលោក វេង សាខុន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី៕