(ព្រះវិហារ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការចិញ្ចឹមសត្វនៅក្នុងសហគម៍បានកំពុងលើកកម្ពស់ជីវភាព និងធានាការហូបចុកគ្រប់គ្រាន់ ការលើកកម្ពស់សុមាលភាព ជូនបងប្អូន កូនចៅប្រជាសហគមន៍។

ការលើកឡើងបែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសចុះពិនិត្យចិញ្ចឹមពូជគោ របស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិព្រៃថ្មគោល ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

នាឱកាសនោះដែរ លោក សាយ សំអាល់ បានបន្តថា ការចិញ្ចឹមសត្វក្នុងតំបន់ការពារធម្មជាតិ គឺជាភាពវៃឆ្លាតរបស់ប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ដោយសារប្រើប្រាស់ចំណីធម្មជាតិ មានទីធ្លាធំទូលាយសម្រាប់សត្វបំលាស់ទី ធ្វើឱ្យសាច់ដុំសត្វរឹងមាំ ធន់នឹងជំងឺដង្កាត់នានា និងមានរសជាតិឆ្ងាញ់ ជាពិសេសអាចជួយដោះស្រាយជីវភាព ប្រជាសហគមន៍បានល្អប្រសើរ។

តាមរយៈគម្រោងលើកកម្ពស់ជីវភាពភាពសហគមន៍ (ការផ្តល់ពូជសត្វចិញ្ចឹម) ក្រសួងបរិស្ថាន បានផ្តល់ពូជសត្វ តាមរយៈមន្ទីរបរិស្ថានខេត្តព្រះវិហារ បានគោចំនួន ៣០៧ក្បាល ជូនសហគមន៍តំបន់ការពារធម្មជាតិចំនួន ៩សហគមន៍ ពូជក្របី ចំនួន ៣០ក្បាល ជូនសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣សហគមន៍ ពូជពពែ ចំនួន ១០ក្បាល សម្រាប់សហគមន៍ជាំពេន ពូជជ្រូក ចំនួន ៥៧ក្បាល សម្រាប់សហគមន៍ប្រាសាទភ្នំក្រៀល ១៩គ្រួសារ និងពូជមាន់ ចំនួន ៨៥០គីឡូក្រាម សម្រាប់ ៧សហគមន៍៕