(កំពង់ធំ)៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ការហ្វឹកហ្វឺនយុទ្ធវិធី និងយុទ្ធដំណើរទ័ពអស់រយៈពេល៧ថ្ងៃកន្លងមក បានបិទបញ្ចប់វគ្គហ្វឹកហ្វឺន នៅលើទីលាននៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រួតពិនិត្យឆាកប្រយុទ្ធ ក្នុងយុទ្ធវិធីវាយប្រយុទ្ធបន្ទាន់ ក្នុងពេលដែលត្រូវខ្មាំងពួនស្ទាក់វាយកងកម្លាំង កំពុងធ្វើយុទ្ធដំណើរទ័ព ហើយត្រូវកងកម្លាំងរបស់យើងវាយសង្គ្រប់ទៅលើខ្មាំង ដោយកំទេចខ្មាំងនៅនឹងកន្លែង និងចាប់រស់មួយចំនួនផងដែរ។

លោកវរសេនីយ៍ទោ ថនស៊ី សក្កា មេបញ្ជាការកងវរសេនាតូចលេខ១ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន និងជាមេបញ្ជាការដឹកនាំក្បួនយុទ្ធដំណើរទ័ព បានឡើងរាយការណ៍អំពីលទ្ធផល នៃការហ្វឹកហ្វឺនយុទ្ធវិធី និងយុទ្ធដំណើរទ័ពក្នុងរយៈពេល៧ថ្ងៃកន្លងមក ពិសេសចំណុចខ្លាំង ចំណុចខ្សោយនិងបទពិសោធន៍ ក្នុងការធ្វើយុទ្ធដំណើរទ័ពរយៈពេលមួយយប់ពីរថ្ងៃ ក្នុងចម្ងាយផ្លូវ២២គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ព្រៃស្រោង ព្រៃរបោះ ខ្ពង់រាប វាលទំនាប ឆ្លងកាត់អូរមួយចំនួន និងចុងក្រោយត្រូវអនុវត្តយុទ្ធវិធីវាយប្រយុទ្ធបន្ទាន់នៅលើសមរភូមិក្នុងពេលយុទ្ធដំណើរទ័ពផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន រួមជាមួយនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ស្មារតី ទទួលខុសត្រូវ ក្នុងការហ្វឹកហ្វឺននិងយុទ្ធដំណើរទ័ព ទទួលបានជោគជ័យ តាមផែនការដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានដាក់ចេញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ការហ្វឹកហ្វឺនរៀនសូត្រយុទ្ធវិធី និងយុទ្ធដំណើរទ័ពនៅពេលនេះ គឺសំដៅពង្រឹងកាយសម្បទារឹងមាំ ព្រមទាំងការគោរពវិន័យ និងបទបញ្ជាម៉ឺងម៉ាត់ក្នុងពេលហ្វឹកហ្វឺន និងប្រយុទ្ធ ដើម្បីត្រៀមខ្លួនក្នុងភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន និងយុទ្ធដំណើរទ័ពនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនទាំងអស់ត្រូវត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើ ដែលបានប្រគល់ជូន និងបានជួយឧបត្ថម្ភភេសជ្ជៈជូនកងកម្លាំងទាំងអស់ ពិសារក្រោយពេលហត់នឿយ នឹងបានចាត់ចែងមធ្យោបាយដឹកជញ្ជូន កងកម្លាំងទៅកាន់អង្គភាពរបស់ខ្លួនវិញ ប្រកបដោយជោគជ័យនិងសុវត្ថិភាព៕