(ភ្នំពេញ)៖ រដ្ឋសភា បានថ្លែងអំណរគុណសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធមន្ដ្រីរាជការ យុវជន យុវនារី សិល្បៈករសិល្បៈការនី និងក្រុមការងារមកពីស្ថាប័នពាក់ព័ន្ធនានា ដែលបានសហការរៀបចំមហាសន្និបាតអន្តរសភា អាស៊ានលើកទី៤៣ កន្លងមកទទួលបានជោគជ័យ។ នេះបើតាមសេចក្តីថ្លែងអំណរគុណ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

សេចក្តីថ្លែងអំណរគុណបានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គលេខាធិការរដ្ឋសភាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមសម្តែងនូវមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង និងថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធមន្ដ្រីរាជការ យុវជន យុវនារី សិល្បៈករសិល្បៈការនី និងក្រុមការងារមកពីស្ថាប័នពាក់ព័ន្ធនានា ដែលបានសហការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ កន្លងមកទទួលបានជោគជ័យដ៏ត្រចេះត្រចង់គួរជាទីមោទនៈ។

រដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់របស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានយកចិត្តទុកដាក់ ចំពោះការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចការងារខាងលើ។ ជាមួយគ្នានេះ ក៏មានការកោតសរសើរ ពីគណៈប្រតិភូជាតិ និងអន្តរជាតិផង់ដែរ។

រដ្ឋសភា បានចាត់ទុកថា ការសហការដ៏ថ្លៃថ្លាទាំងនេះ គឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការលើកតម្កើងកិត្តិយស និងកិត្យានុភាពជូនដល់ជាតិមាតុភូមិ។

មហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា លើកទី៤៣ ត្រូវបានធ្វើឡើងក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ៕