(ភ្នំពេញ)៖ ករណីម្ដាយមីង ប្រើហិង្សាលើក្មួយប្រុសអាយុ៧ឆ្នាំ នាំឲ្យរិះគន់លើបណ្ដាញសង្គម Facebook កាលពីប៉ុន្មានថ្ងៃនោះ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានអាជ្ញាធរមូលដ្ឋានស្រាវជ្រាវរកឃើញ និងពិនិត្យស្ថានភាពជាក់ស្ដែង ហើយឈានដល់ការសម្របសម្រួលបញ្ចប់រឿងរ៉ាវ ដោយធ្វើកិច្ចសន្យាអប់រំម្ដាយមីង បញ្ឈប់ការប្រើប្រាស់អំពើហិង្សា។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ​ សង្កាត់ បានសហការជាមួយប៉ុសិ៍នគរបាលទន្លេបាសាក់ បានកោះហៅឈ្មោះ ជា សៀមហុង អាយុ២៨ឆ្នាំ ត្រូវជាម្តាយមីង ស្នាក់នៅបន្ទប់ជួលលេខ៦៤ ផ្លូវ២១ ក្រុម៤៣ ភូមិ៨ សង្កាត់ទន្លេបាសាក់ ពីបទប្រេីអំពេីហិង្សាមានស្លាកស្នាមមកលើ ឈ្មោះ ជា គឹមហៀង អាយុ៧ឆ្នាំ ត្រូវជាក្មួយប្រុស។

យោងតាមចម្លើយសារភារពរបស់ម្ដាយមីង ក្មេងរងគ្រោះបានឲ្យដឹងថា មូលហេតុដែលខ្លួនប្រើហិង្សាទៅលើក្មួយ ដោយសារខឹងលួចទៅលេងហ្គេមនៅអ៉ីអនមួយ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយបញ្ចប់ការសួរនាំ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំទៅស្ដ្រីជាម្ដាយមីង ដើម្បីឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើក្មួយ និងមានការធានាអះអាងពី លោក ជា ងួនឆែ អាយុ៣៦ឆ្នាំ ត្រូវជាបងប្រុស និងឪពុកក្មេង៕