(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា លោកបានប្រគល់ភារកិច្ចជូនលោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម ដើម្បីដោះស្រាយបញ្ហាស្រូវអង្ករ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស លោក ឌិត ទីណា រៀបចំកិច្ចសំណេះសំណាលជាមួយសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្ដម យ៉ង សាំងកុមារ ឲ្យគាត់ជួយមើលរឿង ធ្វើតាមរយៈកិច្ចសន្យាកសិកម្ម ដែលគម្រោងមួយធំ ដែលគាត់ត្រូវធ្វើការងារ ជាមួយកសិករ និងជាមួយរោងម៉ាស៊ីន ដើម្បីរៀបចំនូវផែនការក្នុងការផលិត ជាមួយនឹងការប្រមូលទិញមកវិញ»

លោក ឌិត ទីណា ក៏បានលើកឡើងផងដែរថា ការធ្វើអន្ដរាគមន៍ ដើម្បីឲ្យតម្លៃថ្លៃស្រូវនៅថេរ គឺអាស្រ័យទៅលើការសម្រួលនូវចរាចរណ៍ស្រូវ ចូលទៅក្នុងរោងម៉ាស៊ីនកិនស្រូវ ដែលត្រូវរៀបចំឲ្យសហការគ្នារវាងកសិករច្រូតកាត់ និងរោងម៉ាស៊ីនកិនស្រូវ ដោយបង្កើតឲ្យមានការប្រមូលផលជាវគ្គ កុំឲ្យមានការជន់ក្នុងពេលតែមួយ។

រដ្ឋមន្ត្រីកសិកម្មបានគូសបញ្ជាក់ថា ចំពោះបញ្ហាខ្វះទុនបង្វិលទិញស្រូវ របស់រោងម៉ាស៊ីនកិនស្រូវ ក្រសួងកសិកម្មនឹងសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយជំរុញក្នុងការផ្ដល់កម្ចីឲ្យទៅរោងម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីប្រជាកសិករ កុំឲ្យកកស្ទះ៕

សូមស្តាប់ការលើកឡើងរបស់លោករដ្ឋមន្ត្រី ឌិត ទីណា៖