(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសង​មួយកន្លែង​ ដែលស្ថិតនៅផ្លូវ ព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះធ្វើការឃាត់ខ្លួនមនុស្សចំនួន​១២នាក់​។

លោក កៀង ល័ក្ស បានបញ្ជាក់ថា ការចុះបង្ក្រាបនេះ ដោយមានការបញ្ជាពី​លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌចំការមន និងមានការសម្របសម្រួលពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

លោកអភិបាលខណ្ឌ បន្តថា ប្រតិបត្តិការ​ចុះបង្ក្រាបនេះ​ ធ្វើឡើង នៅវេលាម៉ោង​៣៖៣០នាទីរសៀល​ ថ្ងៃទី០៧​ ខែធ្នូ​ ឆ្នាំ២០២២ និងមានការចូលរួមពីលោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន លោក មៀច ឈួនច័ន្ទ ស៊ីម៉ូលីន និងលោក ផន អូន អធិការរងនគរបាលខណ្ឌចំការមន, លោក ហ៊ន គីមហេង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងលោក សាល សណ្ដុះ នាយប៉ុស្ដ៍នគរបាលសង្កាត់ទន្លេបាសាក់។

ជាលទ្ធផលគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន ១២នាក់ ប្រុស ៦នាក់ (ជនជាតិចិន៤នាក់) ស្រី ៦នាក់ និងដកហូតនៅវត្ថុតាងមួយចំនួន ដូចជា៖ ទូហ្គេមបាញ់ត្រី៤គ្រឿង, ទូហ្កេម តុក្កតា១២គ្រឿង, តុលេងបាក្រាត ចំនួន០២, ទូរសព្ទ១១គ្រឿង, កុំព្យូទ័រលើតុ ចំនួន១គ្រឿង, ម៉ាស៊ីនគិតលេខ ១គ្រឿង, ម៉ាស៊ីនរាប់លុយ១គ្រឿង និងបៀក្រដាស និង កាក់សម្រាប់លេងបាញ់ត្រីមួយចំនួនធំ។

ប្រតិបត្តិការ​ចុះបង្ក្រាប ទីតាំងដែលមានលួចបង្កប់ល្បែងស៊ីសង (តុលេងបៀបាក្រាត, ទូហ្គេមបាញ់ត្រី និងទូហ្គេមតុក្កតា) គឺត្រូវបានបិទជាបណ្តោះអាសន្ន និងមនុស្សទាំងអស់ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់​៕