(ភ្នំពេញ)៖ ការទន្ទឹងរង់ចាំជាយូររបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នករាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងការចង់ឃើញវត្តមានស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់អរិយក្សត្រ ខេត្តកណ្តាល នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះហើយ។

ក្រោមសំណើដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នោះ នៅពេលនេះរដ្ឋាភិបាលកូរ៉េខាងត្បូង បានយល់ព្រមផ្តល់កម្ចីសម្រាប់ការសាងសង់ ស្ពានដ៏មានសារៈសំខាន់មួយខ្សែនេះ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ប្រាក់កម្ចីសាងសង់ស្ពានជិត ២៥០លានដុល្លារ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី០៩ ខែធ្នូ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ស្ពានដែលនឹងត្រូវប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-កូរ៉េ» នេះ នឹងត្រូវសាងសង់ចាប់ពីផ្សាររាត្រី (សួនច្បារផ្សារចាស់) ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅអរិយក្សត្រ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា ស្ពាននេះ នឹងត្រូវសាងសង់ដោយប្រើដែកខ្សែកាបខ្ពស់អត់មានសរសេរ ដើម្បីសម្រួលចរាចរណ៍តាមផ្លូវទឹក ហើយស្ពាននេះ ក៏នឹងរួមចំណែកជួយរំដោះចរាចរណ៍នៅលើស្ពានជ្រោយចង្វារផងដែរ។

សម្តេចតេជោ ធ្លាប់បានលើកឡើងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងកា្លយជាចំណែកទាក់ទាញទេសចរណ៍ទាំងក្រុងស្រុក និងក្រៅស្រុក ព្រោះជាស្ពានទំនើប ដោយឆ្លងទន្លេអត់មានសរសេរផង។

សម្តេចតេជោ បានចាត់ទុកសមិទ្ធផលនេះ ជាផលប្រយោជន៍ នៃចំណងទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលសម្តេចបានពុះពារក្នុងកសាងឡើងកាលពីឆ្នាំ១៩៩៧មកនោះ៕