(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មក គ.ជ.ប បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ត្រូវបានបញ្ចប់ ហើយបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់។

ការបញ្ជាក់បែបនេះ របស់លោក ហង្ស ពុទ្ធា បានធ្វើឡើងនៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធក្នុងការត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

ជាមួយគ្នានេះដែរ លោក ហង្ស ពុទ្ធា បានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៥៧៧,៥៥០នាក់ (ស្រ្តីចំនួន ២៨៨,៥៥១នាក់) ដែលស្មើនឹង ១៤១.១៩% នៃស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានដែលអាចមកចុះឈ្មោះបោះឆ្នោតបាន។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ២៥៨,៣៧២នាក់។ អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦០,៧៦៩នាក់ និងអ្នកផ្ទេរចូលមានចំនួន ១៧៨,៥២១នាក់។

អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបន្តថា នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀត នៅក្នុងថ្ងៃនេះ។

លោក ហង្ស ពុទ្ធា បានបន្តទៀតថា៖ «ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មក គ.ជ.ប បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ត្រូវបានបញ្ចប់ ហើយបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានបណ្តឹង) ឬប្រសិនបើពុំមានបណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងបំពេញនូវរបាយការណ៍ស្តីពីលទ្ធផល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមការិយាល័យ បោះឆ្នោតនៃឃុំ សង្កាត់នីមួយៗដាក់ចូលក្នុងកញ្ចប់ «ក»

ឯកសារដែលត្រូវដាក់ចូលក្នុងកញ្ចប់ «ក» រួមមាន៖

* ស្រោមសំបុត្រដាក់រាល់សម្រង់សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាឃុំ សង្កាត់ យល់ព្រមលើពាក្យបណ្តឹងតវ៉ា (ទ.១២០៣) ដែលតម្រូវឱ្យក្រុមចុះឈ្មោះបោះឆ្នោត ចុះឈ្មោះអ្នកប្តឹងតវ៉ាសុំចុះឈ្មោះទៅក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យពាក់ព័ន្ធ (ប្រសិនបើមាន)
* ស្រោមសំបុត្រដាក់របាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៃការិយាល័យបោះឆ្នោត (ទ.១០១១)។
* បន្ទាប់មក ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងវេចខ្ចប់កញ្ចប់ «ក» និងសម្ភារ ឯកសារពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតទាំងអស់ ដោយដាក់ទៅក្នុងស្បោង «ខ» តាមចំនួនដែលអាចដាក់អស់កញ្ចប់ «ក» និងសម្ភារ ឯកសារទាំងនោះដើម្បីបញ្ជូនទៅលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំកា រ បោះ ឆ្នោត (លធ.ខប)។
* ការវេចខ្ចប់កញ្ចប់ «ក» ដាក់ក្នុងស្បោង «ខ» និងបញ្ជូនពីឃុំ សង្កាត់ ទៅលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតត្រូវធ្វើយ៉ាងយូរត្រឹមថ្ងៃទី៤
បន្ទាប់ពីថ្ងៃបញ្ចប់ការចុះឈ្មោះបោះឆ្នោតក្នុងករណីពុំមានបណ្តឹងតវ៉ាអំពីការបដិសេធការសុំចុះឈ្មោះបោះឆ្នោត (ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ)។ ប្រសិនបើមានបណ្តឹងតវ៉ាអំពីការបដិសេធការសុំចុះឈ្មោះ បោះឆ្នោតត្រូវបានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ការបញ្ជូនកញ្ចប់ «ខ» ត្រូវអនុវត្តនៅថ្ងៃទី៧ បន្ទាប់ពីថ្ងៃបញ្ចប់ការចុះឈ្មោះបោះឆ្នោត (ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ)។

នៅពេលប្រគល់ ទទួលស្បោង «ខ» ពីក្រុមចុះឈ្មោះបោះឆ្នោត មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យថាស្បោង «ខ» ទាំងឡាយមិនត្រូវបានគេរុះរើឡើយ។ នៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោតនៃឃុំ សង្កាត់ពាក់ព័ន្ធ មន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ត្រូវត្រួតពិនិត្យឱ្យប្រាកដថាស្បោង «ខ» នីមួយៗមានផ្ទុកកញ្ចប់ «ក» ឬ/និងកញ្ចប់ដាក់គល់សន្លឹក ទ.១០២២ ដែលបានប្រើហើយសរុបក្នុងឃុំ សង្កាត់ និងស្រោមសំបុត្រដាក់ទម្រង់បែបបទផ្សេងទៀតគ្រប់ចំនួន។ នៅពេលទទួល និងត្រួតពិនិត្យស្បោង «ខ» រួចរាល់ហើយ មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោតត្រូវចាត់ចែងវេចខ្ចប់ស្បោង «ខ» ដាក់ក្នុងស្បោង «គ» សម្រាប់បញ្ជូន និងប្រគល់ទៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។

អ្នកនាំពាក្យបានបញ្ជាក់ថា ការប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ក្នុងរយៈពេល៥០ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ ជាការកត់សម្គាល់ឃើញថា៖

* គ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់ជាន់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោតបានត្រៀមខ្លួន និងបានអនុវត្តយ៉ាងត្រឹមត្រូវ តាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅរលូនល្អ មានសណ្តាប់ធ្នាប់ និងប្រកបដោយសន្តិសុខសុវត្ថិភាព។

* គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានផ្តល់នូវកិច្ចសហការល្អតាមតួនាទី ដែលធ្វើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការល្អប្រកបដោយសន្តិសុខសុវត្ថិភាព។

* អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរឃុំ សង្កាត់ បានផ្តល់នូវកិច្ចសហការយ៉ាងស្អិតរមួត និងបានចូលរួមគ្រប់ភារកិច្ច ក្នុងដំណាក់កាលនានា ដើម្បីជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ។

* ភាគីពាក់ព័ន្ធនានាបានចូលរួមយ៉ាងសកម្ម តាមការអញ្ជើញដោយ គ.ជ.ប លធ.ខប ក្រុមប្រឹក្សាឃុំ សង្កាត់ និងតាមភារកិច្ចរៀងៗខ្លួនក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ អ្នកចុះឈ្មោះទាំងអស់ យកចិត្តទុកដាក់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងបានចូលរួមយ៉ាងកុះករក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕