(សៀមរាប)៖ «វត្តអារាមមិនត្រឹមតែជាកន្លែងស្តាប់ធម៌នោះទេ តែក៏ជាកន្លែងសម្រាប់ព្យាបាលជំងឺផ្លូវចិត្តដ៏សំខាន់ផងដែរ»។ នេះជាសង្ឃដីការបស់ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្តបារាយមហានទីរតនារាម ហៅ វត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងបរវេណវត្តនេះដែរ ព្រះអង្គក៏បានរៀបចំសួនច្បារ និងដាំដើមឈើជាច្រើនប្រភេទ ដើម្បីជាម្លប់ និងជាជម្រកសត្វគ្រប់ប្រភេទ ព្រមទាំងលម្អនៅតាមបរិវេណវត្តផងដែរ។

ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្ត មានសង្ឃដីកាថា វត្តអារាម មានន័យថា ជាទីកន្លែងរីករាយ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ មកបំពេញបុណ្យកុសលនៅទីនេះ។ ដូច្នេះបានរៀបចំសួនច្បារ មានដាំដើមឈើ និងមានស្រះទឹកជាដើម នោះហើយទើបជាទីរីករាយសម្រាប់ផ្តល់ឱ្យ សេចក្តីសុខផ្លូវកាយ សុខផ្លូវចិត្តរបស់ប្រជាពុទ្ធបរិស័ទ ដែលមកបំពេញបុណ្យកុសល ហើយវត្តអារាមក៏ជាកន្លែងព្យបាលផ្លូវចិត្ត និងផ្លូវកាយរបស់ញាតិញោម ពុទ្ធបរិស័ទ ដែលមានទុក្ខកង្វល់ វិបត្តិក្រុមគ្រួសារ វិបត្តិសេដ្ឋកិច្ច នៅពេលដែលគាត់បានមកដល់ វត្តអារាម ធ្វើឱ្យគាត់មានអារម្មណ៍ជ្រះថ្លា ដោយបានឃើញនៅស្រះទឹក សួនច្បារ ដើមឈើជាច្រើន និងសំឡេងសត្វយំ ជាពិសេសទៅទៀតនោះ គឺគាត់បានឮសំឡេងសូត្រធម៍ រំពេចនោះបានធ្វើឱ្យអារម្មណ៍របស់គាត់មានការផ្លាស់ប្តូរមកជារីករាយជ្រះថ្លា នឹងបំភ្លេចនូវទុក្ខកង្វល់ទាំងអស់។

ព្រះសច្ចានុបាល នឿម វុទ្ឋី មានសង្ឃដីកាបន្តថា កត្តាដែលនៅតាមវត្តអារាមមានដើមឈើ ព្រោះដើមឈើជម្រកសត្វ មនុស្ស ដោយអ្នកប្រមាញ់មិនហ៊ានចូលមកបាញ់នៅក្នុងវត្តអារាមនោះទេ។ ដោយឡែក នៅក្នុងបរិវេណនេះ ក៏មានតាំងនូវពាក្យស្លោកជាភាសាខ្មែរ និងភាសាអង្លេសជាច្រើន ដើម្បីជាការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពុទ្ធបរិស័ទដែលកាន់នូវពុទ្ធសាសនា ហើយក៏បង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនា ក៏ដូចជាស្វែយល់ពីពុទ្ធសាសនាខ្មែរ។ ក្នុងនោះដែរ លោកក៏បានគិតដល់បរិស្ថានជាធំ ដោយក្នុងបរិវេណវត្ត មានកន្លែងដាក់សម្រាមជាច្រើន នឹងញែកសម្រាមជាបីប្រភេទផ្សេងៗគ្នផងដែរ។

គួរបញ្ជាក់ថា នៅក្នុងបរិវេណវត្តបារាយមហានទីរតនារាម ហៅ វត្តស្វាយរមៀត លោកបានដាំដើមឈើជាង១រយប្រភេទ៖ ដោយដើមឈើខ្លះបានដុះនៅក្នុងវត្តស្រាប់ដោយគ្រាន់តែអភិរក្ស និងបានដាំបន្ថែម ព្រមទាំងដើមឈើខ្លះទៀតក៏បានទិញពីតាមបណ្តាខេត្តផ្សេងៗផងដែរ។

ជាមួយនេះដែរ លោកក៏បានអំពាវនាវញាតិញោមពុទ្ធបរិស័ទ ក៏ដូចជាតាមបណ្តវត្តអារាមទាំងអស់ ចូលរួមអភិរក្សថែរក្សានូវវប្បធម៌ ប្រពៃណី ក៏ដូចជាដើមឈើដែលមាននៅក្នុងវត្តហើយក៏សូមអភិរក្សថែរក្សា ប្រសិនបើដើមឈើណាមិនទាន់មានក៏រកពីតាមខេត្តដ៏ទៃយកមកដាំទុកឱ្យកូចជំនាន់ក្រោយបានឃើញ និងស្គាល់ផងដែរ៕