(ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ នាល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំប្រារព្ធពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមានការរួមពីលោក គួច ចំរើន អភិបាលខេត្កព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅទីលានសម្តេចតេជោ។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩នេះនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។

នាព្រឹត្តិការណ៍ទាំងពីរនេះដែរមានកម្មវិធីសំខាន់ៗរួមមាន៖

* នៅថ្ងៃទី៨ ខែធ្នូ មានកម្មវិធី៖ សិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ, ពិធីក្រុងពាលីសម្រាប់ពិធីបុណ្យសមុទ្រ នៅទីលានតេជោ។

* នៅថ្ងៃទី៩ ខែធ្នូ មានកម្មវិធី៖ កីឡារត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ, កីឡាទូកក្ដោង នៅឆ្នេរអូរត្រេះ, កីឡាបាល់បោះ នៅឆ្នេរអូរត្រេះ, ការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម នៅទីលានតេជោ, ប្រដាល់គុនខ្មែរ (ប្រកួតជើងឯកអាស៉ីអាគ្នេយ៍) នៅឆ្នេរអូរត្រេះ, គណៈប្រតិភូក្លិបឆ្នេរធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុ, កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឯករាជ្យ ពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូក្លិបឆ្នេរ នៅសណ្ឋាគារឯករាជ្យ។

* ថ្ងៃទី១០ ខែធ្នូ មានកម្មវិធី៖ ជិះកង់កម្សាន្ត២០គីឡូម៉ែត្រ និងប្រណាំងកង់៤០គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ, កម្មវិធីធំគឺ «ពិធីបើកជាផ្លូវការមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកលើកទី១៦ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ», មហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឆ្នេរសុខា, កីឡាទូក្ដោង នៅឆ្នេរអូរត្រេះ, កីឡាបាល់បោះ នៅឆ្នេរអូរត្រេះ, ការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម, ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ, កម្មវិធីធំ «ពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, កម្មវិធីសម្ដែងសិល្បវប្បធម៌ និងប្រគំតន្ត្រី,ប្រដាល់គុនខ្មែរ (ប្រកួតជើងឯកអាស៉ីអាគ្នេយ៍)។

* ថ្ងៃទី១១ ខែធ្នូ មានកម្មវិធី៖ គណៈប្រតិភូក្លិបចូលរួមកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ នៅឃុំតានៃ ស្រុកព្រៃនប់, កីឡាទូកក្តោង និងកីឡាបាល់បោះ នៅឆ្នេរអូត្រេះ, ការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម នៅទីលានតេជោ, ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីលានតេជោ, កម្មវិធីសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍនិងអភិរក្សតំបន់ឆ្នេរសមុទ នៅសណ្ឋាគារឯករាជ្យ, កម្មវិធីប្រដាល់គុនខ្មែរ (ប្រកួតជើងឯកអាស៉ីអាគ្នេយ៍) នៅឆ្នេរអូត្រេះ, កម្មវិធីសម្ដែងសិល្បៈវប្បធម៌ជាតិនិងអន្តរជាតិ នៅទីលានតេជោ (ឆាកធំ)។

* ថ្ងៃទី១២ ខែធ្នូ មានកម្មវិធី៖ គណៈប្រតិភូមហាសន្និបាតចេញដំណើរពីខេត្តព្រះសីហនុទៅទស្សនាព្រៃកោងកាងពាមក្រសោប ខេត្តកោះកុង, គណៈប្រតិភូចេញដំណើរពីព្រៃកោងកាងពាមក្រសោប ទៅទស្សនាកោះឋានសួគ៌ ខេត្តព្រះសីហនុ, កម្មវិធីសិក្ខាសាលាបច្ចេកទេសស្តីពីការលើកកម្ពស់ការអភិរក្សព្រៃកោងកាង និងជីវៈចម្រុះសមុទ្រ នៅកោះឋានសួគ៌, ការចេញដំណើរពីកោះឋានសួគ៌មកក្រុងព្រះសីហនុ។

* ថ្ងៃទី១៣ ខែធ្នូ មានក្មវិធី៖ ការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិក្លឹបសម្រាប់អាណត្តិឆ្នាំ២០២៣-២០២៥ និងពិធីផ្ទេរតំណែងជូនប្រធានក្លិបអាណត្តិថ្មី, កម្មវិធីបិទមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និងពិធីលៀងសាយភោជន៍បិទមហាសន្និបាតក្លឹបឆ្នេរ នៅសណ្ឋាគារឯករាជ្យ៕